ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​៖​ ព្រះរាជពិធីបុណ្យអុំទូក​​ បានប្រព្រឹត្តទៅដោយរលូន​ និងភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​របស់​សម្ដេច​ថា៖​ ព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក បានប្រព្រឹត្តទៅដោយរលូន​ និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ​ និងភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី​ ។ 

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែងបន្តថា​ ភាពជោគជ័យនេះ​ អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ​ ដែលបានលះបង់ពេលវេលា​ និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ​ សុវត្ដិភាព​ សណ្តាប់ធ្នាប់សាធារណៈ​ និងបង្កលក្ខណ:គ្រប់បែបយ៉ាង​ ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត ។ 

សម្ដេច​ធិបតី​ បានគូសបញ្ជាក់ថា​ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់​ សូមថ្លែងអំណរគុណដល់ក្រុមការងារ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ​ខ្ពស់​ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការសម្អាត​ដោយធានាបាននូវសោភ័ណភាព​ និងអនាម័យ ។

ជាមួយគ្នានេះ​ សម្ដេច​ធិបតី​ ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ​ សិល្បៈ​ការីនីទាំងអស់​ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ​ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់មហាជន​ ប្រកបដោយភាពស្រស់ស្រាយ​ និងសប្បាយអឺងកង៕

ដោយ​៖ សហការី​


ចែករំលែក៖