ព័ត៌មានទាន់ហេតុការណ៍៖

ចៅសង្កាត់ព្រែកឫស្សីអនុញ្ញាតអោយជនរំលោភដីចំណីផ្លូវធ្វើរបងខណៈបណ្តឹងចូលដល់សាលាខេត្ត

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងឱ្យប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំស្ថិតនៅក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងខណៈដែលចៅសង្កាត់ព្រែកឫស្សីអនុញ្ញាតអោយជនរំលោភដីចំណីផ្លូវធ្វើរបងបន្ថែមពីលើ បើទោះជាមន្ត្រីជំនាញបានចុះវាស់វែងបញ្ជាក់យ៉ាងច្បាស់ថា លោកស្រី អ៊ុក ចាន់ណាត ធ្វើរបងរំលោភយកដីចំណីផ្លូវជិត២ម៉ែត្រ(១,៦៣ម)។

ចំណែកម្ខាងទៀតអាងខ្លួនជាមន្ត្រីជំនាញសុរិយោដីឈ្មោះញ៉ែម សារ៉ាឌី បានរំលោភយកដីចំណីផ្លូវជិត២ម៉ែត្រ(១,៩៥ម)ដែរ។ការចុះវាស់វែងរបស់មន្ត្រីជំនាញខាងលើធ្វើឡើងក្រោយពីសាលាខេត្តកណ្តាលចេញ សជណ លេខ៣៧២ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំខាងលើបានធ្វើការតវ៉ារហូតមក។ រហូតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏ស្រាប់តែក្រុមគ្រួសារលោកស្រី អ៊ុក ចាន់ណាត បានធ្វើរបងថែមពីលើដោយអះអាងថា លោកឆេង ឆៃ ចៅសង្កាត់ព្រែកឫស្សីអនុញ្ញាតអោយធ្វើ។ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំនោះបានអោយដឹងថានៅពេលឃើញជនរំលោភដីចំណីផ្លូវធ្វើរបងភ្លាមពួកគាត់តេរាយការណ៍ជូនលោកចៅសង្កាត់ព្រែកឫស្សីអោយជួយធ្វើអន្តរាគមន៍ឃាត់សកម្មភាពធ្វើរបងរំលោភលើដីចំណីផ្លូវនោះ តែបែរជាលោកឆេង ឆៃ មិនព្រមឃាត់ឡើយ។ ជាហេតុធ្វើអោយពលរដ្ឋខកចិត្តនិងដាក់ការសង្ស៏យថា ចៅសង្កាត់ព្រែកឫស្សីលោកឆេង ឆៃ ប្រហែលសុីលុយពីជនរំលោភដីចំណីផ្លូវធ្វើរបងនោះហើយបានជាមិនព្រមឃាត់ ទុកអោយជននោះធ្វើទាល់តែហើយជាស្ថាពរ។ ប្រជាពលរដ្ឋក៏បានធ្វើការសំណូមពរដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាជួយពិនិត្យមើលករណីលោកឆេង ឆៃ បើកដៃអោយជនរំលោភដីចំណីផ្លូវធ្វើរបងនេះផង។ ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម គង់ សោភ័ណ្ឌ មិនទុកបណ្តឹងរបស់ប្រជាពលរដ្ឋចោលឡើយដែលគេដឹងថា ភាគីម្ខាងទៀតឈ្មោះ ញ៉ែម សារ៉ាឌី មានមុខងារជាមន្ត្រីជំនាញសុរិយោដីរាជធានីភ្នំពេញ បានរំលោភយកដីចំណីផ្លវសាធារណៈ ។ ខណៈខាងជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល កំណត់ទុកផ្លូវ(6ម៉ែត្រ)តែបច្ចុប្បន្នផ្លូវនេះនៅសល់តែ2ម៉ែត្រ1តិកប៉ុណ្ណោះ  ជាហេតុធ្វេីអោយប្រជាពលរដ្ឋពិបាកធ្វេីដំណេីរចេញ ចូល ឬអាចប្រឈមនឹងហានិភ័យនៅពេលដែលមានអគ្គិភ័យកេីតឡេីង មិនអាចឡានទឹកបេីកចូលដេីម្បីជួយពន្លត់បានឡេីយ។ 

ដូច្នេះហេីយប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងឱ្យប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំស្ថិតនៅក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បានផ្តិតមេដៃសំណេីសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាជួយអន្តរាគមន៍រឿងនេះផង ។ ជុំវិញការចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើលោកឆេង ឆៃ ចៅសង្កាត់ព្រែកឫស្សី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា លោកបានអនុញ្ញាតអោយធ្វើរបងស័ង្កសីពីលើរបងថ្មចាស់នោះមែនដោយសារតែម្មាស់ដីនោះថាមានចោរផ្លោះរបងចូលលួចទ្រព្យសម្បត្តិ៕ 

ដោយ៖ ស្អាងជ័យ


ចែករំលែក៖