ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេច ឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទ ជាមន្ត្រីយោធាម្នាក់ បន្ទាប់ពីតំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនទៅចៅក្រមស៊ើបសួរបន្ត។
ជនត្រូវចោទរូបនេះមានឈ្មោះ ហ៊ូ សុធា ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីយោធា ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថា ប៉ុន្មានថ្ងៃមុននេះមានផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ពាក់ព័ន្ធមន្ត្រីយោធាម្នាក់ទំនងអាងអំណាច អាងបុណ្យស័ក្តិ ផឹកស្រាស្រវឹងបង្កអំពើហិង្សាទៅលើជនរង់គ្រោះ ព្រមទាំងជេរប្រមាថ គំរាមបាញ់សមត្ថកិច្ចមូលដ្ឋានដែលចុះទៅជួយអន្តរាគមន៍ ។ ក្រោយពីមានរឿងនោះកើតឡើងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ចុះទៅនាំខ្លួនមន្ត្រីយោធារូបនោះដើម្បីធ្វើការសាកសួរពីដំណើររឿង ពាក់ពន្ធករណីប្រើអំពើហិង្សាវាយសន្តិសុខមួយពិលបណ្តាលឱ្យបែកឈាមលើផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង១រំលងអធ្រាត្រាចូលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពីបានសាកសួរដោយរកឃើញថា ជនសង្ស័យពិតជាជាប់ពាក់ដូចការចោទប្រកាន់នោះ សមត្តកិច្ចក៏បានស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ អង្គហេតុដែលសមត្តកិច្ចឃាត់ខ្លួនមន្ត្រីយោធានោះ ត្រូវបានគេដឹងថា នៅវេលាម៉ោងប្រមាណ១យប់ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ អ៊ុម កួក ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាសន្តិសុខកំពុងយាមប្រចាំការនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ជាប់ធនាគារ ABA ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ពេលនោះស្រាប់តែមានរថយន្ត១ គ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរដោយជនស៊ីវិលស្រវឹងជោក ទៅដល់ចំណុចច្រកចូលបុរី ក៏បានបើករថយន្តទៅបុករបង ហើយចូលទៅក្នុងបាត់ ។ ឃើញដូច្នោះជនរងគ្រោះជាសន្តិសុខក៏បានបោះដៃតាមអាយកូមទាក់ទងទៅប្រធានរបស់ខ្លួន ដើម្បីរាយការណ៍ដែលជនរងគ្រោះឈ្មោះ អុីម កួក ត្រូវអ្នកបើកបរវាយមួយពិលបណ្តាលឱ្យមានរបួសហូរឈាមលើផ្ទៃមុខ លុះពេលក្រុមសន្តិសុខនិងសមត្តកិច្ចមូលដ្ឋានទៅដល់ មន្ត្រីយោធារូបនោះបានស្រែកគំរាមរកបាញ់ថែមទៀតផង ។
បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅឃុំខ្លួននៅពន្ធនាគារម២ ព្រៃសជាបណ្តោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា