ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយខុសច្បាប់(កាំបិតផ្គាក់,ដាវកែច្នៃនិងកាំបិតបុ័ងតោ)ធ្វើសកម្មភាពដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅកណ្ដាលទីក្រុងបានលុងនៅពេលយប់។ យុវជនទាំងពីរនាក់នៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអធិការក្រុងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់ការ។
ជនសង្ស័យទាំង២នាក់នោះរួមមានទី១-ឈ្មោះ ហា យួងលិក (ហៅលិក)ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅសព្វថ្ងៃភូមិ២ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរីនិងទី២-ឈ្មោះ មុង ចិត្រ្តា (ហៅអាខ្នេ) ភេទប្រុស អអាយ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង២និង០០នាទីរំលងអធ្រាត្រ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានដើរល្បាតក្នុងភូមិសាស្ត្រ ក្រុងបានលុង លុះមកដល់ត្រង់ចំណុចរង្វង់មូលខេត្ត ស្ថិតនៅភូមិ-សង្កាត់ខាងលើក៏បានប្រទះឃើញជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមកពីបឹងកន្សែងដោយមានកាន់កាំបិតផ្កាក់ និងដាវកែច្នៃជាប់នឹងខ្លួនបម្រុងធ្វើសកម្មភាពបង្កការអុកឡុកតែត្រូវបានកម្លាំងអធិការក្រុងបានលុងឃាត់ខ្លួនដើម្បីយកទៅសាកសួរ។
ផ្អែកតាមចម្លើយរបស់ជនសង្ស័យទាំង២នាក់ខាងលើបានសារភាពថា មានភាគីម្ខាងទៀតជិះម៉ូតូ៣គ្រឿង ម៉ាកហុងដាឌ្រីម២គ្រឿង និងហុងដា វ៉េវ ឆ្លាម១គ្រឿង មានគ្នាប្រហែលចំនួន ៩នាក់ បានធ្វើសកម្មភាពដេញកាប់ពួកខ្លួន ទើបពួកខ្លួនបានសម្រេចធ្វើសកម្មភាពជិះម៉ូតូស្វែងរកក្រុមបក្ខពួកដែលដេញកាប់ពួកខ្លួននោះវិញទើបត្រូវបានប៉ូលិសចាប់ខ្លួន៕
ដោយ៖ សូរិយា