ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរភូមិព្រមទាំងប្រជាពលរដ្ឋចំនួន១៦៤គ្រួសារស្នើសុំឲ្យលោកចាន់ សុជាតិ បើកផ្លូវសាធារណៈវិញបន្ទាប់ពីយកផ្លូវសាធារណៈបិទធ្វើជាកម្មសិទ្ធិជាងមួយឆ្នាំហើយ។
បើតាមសម្តីលោកយ៉ែម យន អាយុ៦៨ឆ្នាំជាមេភូមិក្រាំងស្លែង ឃុំតាំស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានប្រាប់ក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣ថា ក្នុងនាមគាត់ជាអាជ្ញាធរភូមិក្រាំងស្លែងស្នើសុំឲ្យលោកចាន់ សុជាតិ បើកផ្លូវលំជាសាធារណៈវិញដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍វិញព្រោះផ្លូវនេះពួកគាត់ប្រើប្រាស់តាំងពីអំឡុងឆ្នាំ១៩៨០មកទល់បច្ចុប្បន្ន ។
ស្រាប់តែនៅដើមឆ្នាំ២០២២លោកចាន់ សុជាតិ បានធ្វើរនាំទ្វារដែកបិទផ្លូវ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរបស់គាត់ពិបាកធ្វើដំណើរឆ្លងកាត់។
ដែលមានទីតាំងព្រហ្មប្រទល់ជាប់ជាមួយភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកបានបន្តទៀតថានៅក្នុងទីតាំងដីចម្ការបស់លោក ចាន់ សុជាតិ នៅប្រឡោះកណ្តាលរវាងភូមិស្លែង និងភូមិទួល ខណៈដែលផ្លូវខាងលើជាចំណុចឆ្លងកាត់ទៅដីស្រែចម្ការបស់បងប្អូនប្រជាពលរដ្ឋទាំងសងខាង ទើបគាត់និងប្រជាពលរដ្ឋស្នើសុំឲ្យបើកផ្លូវវិញមិនចាំបាច់បិទ។
ក្នុងនាមគាត់ជាអាជ្ញាធរសូមសំណូមពរទៅលោក ចាន់ សុជាតិ ចំនួន៣ចំណុចរួមមាន៖ ១.សូមឲ្យខាងលោក ចាន់ សុជាតិ បើកផ្លូវសាធារណៈវិញ ២.សូមឲ្យលោកចាន់ សុជាតិ កាយអាចម៍ដីដែលចាក់ទប់ទឹកផ្នែកខាងក្រោមប្រឡាយវិញ ខណ:ដែលមានភ្លៀងច្រើនធ្វើឲ្យទឹកអូរច្រាល់ឡើងលិចដីស្រែប្រជាពលរដ្ឋគាត់ផ្នែកខាងលើ។
៣.ស្នើសុំឲ្យលោក ចាន់ សុជាតិ មេតា្តបិទបាំងគ្រាប់ផ្លែស្វាយដែលលោកទិញយកចាក់កណ្តាលចម្ការទុកធ្វើជីនោះសូមរកអីគ្របផងព្រោះជះខ្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទាំងសងខាងពេលដែលមានខ្យល់ម្តងៗ។
ក្រោយការលើកឡើងស្នើសុំរបស់អាជ្ញាធរភូមិព្រមទាំងប្រជាពលរដ្ឋក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺយើងទូរស័ព្ទទៅលោកមេឃុំមហាសាំង ដើម្បីសុំការបកស្រាយពាក់ព័ន្ធការបិទផ្លូវ សាធារណ: លោកបានប្រាប់តាមទូរស័ព្ទថាលោកនឹងចុះទៅពិនិត្យមើលហើយបើមានការបិទបាំងផ្លូវលោកនឹងឲ្យរើចេញពីទីតាំងខាងលើវិញ។
ចំណែកលោក ហន ពិសិទ្ធ អភិបាលស្រុកភ្នំស្រួច បាននិយាយថាបើសិនមានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងលោកនិងឲ្យជំនាញចុះពិនិត្យនិងដោះស្រាយជូនបងប្អូនមិនខានឡើយ ។
តែលោកនិងឲ្យមន្ត្រីជំនាញទៅទីតាំងខាងលើព្រមទាំងកោះហៅភាគីលោក ចាន់ សុជាតិ មកដោះស្រាយ។
រីឯលោកចាន់ សុជាតិ អ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងបានទេ ទូរស័ព្ទមិនចូលជាច្រើនលើក៕
ដោយ៖ ចន្ទ លីហ្សា