ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីផ្សេងគ្នា ខូចខាតម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿងនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ស្ថិតភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។
នគរបាលជំនាញប្រាប់ឱ្យដឹងថា ៖ ករណីទី១.នៅវេលាម៉ោង៧យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៦ស្ថិតភូមិ.ឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយជិះម៉ូតូម៉ាកស្គូពីទាក់ដៃចង្កូតនិងគោយន្តកន្ត្រៃសណ្តោងរុឺម៉កបណ្តាលឱ្យដួលលើផ្លូវត្រូវរថយន្តកិនស្លាប់ម្នាក់ជាស្ត្រីនៅនឹងកន្លែងនិងរបួសស្រាលម្នាក់ជាបុរសខូចខាតម៉ូតូ រីឯរថយន្តបង្កបើកគេចបាត់។
ករណីទី២.នៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៦ស្ថិតភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្តធុនធំបុករថយន្តរ៉េវហ្វ័របណ្តាលឱ្យខ្ទេចមួយចំហៀងខាងស្តាំដាច់កង់និងបែកកញ្ចក់មុខសំណាងគ្មានអ្នករងរបួសហើយរថយន្តដែលបង្កបានបើកគេចបាត់។
មន្ត្រីនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះបានប្រាប់ថាៈរយៈពេលតែ១០នាទីមានគ្រោះថ្នាក់ចរាចរណ៍២ករណីក្បែរគ្នាប្រមាណជិត៥០ម៉ែត្រពីគ្នាបណ្តាលស្លាប់ស្ត្រីម្នាក់ឈ្មោះ ឈុន ដុំ អាយុ៤៨ឆ្នាំរស់នៅភូមិប៉ោយតាប៉ែន ឃុំ.ស្រុកព្រះនេត្រព្រះ និងរបួសបុរសម្នាក់ឈ្មោះ ជី ពៅ អាយុ១៨ឆ្នាំរស់នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងរងការខូចខាតម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍៕
មន្ត្រីនគរបាលដដែលក៏អំពាវនាវដល់អ្នកបើកបរយានយន្តនិងទោចក្រយានយន្តទាំងអស់បើកបរគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់រួមទាំងថែរក្សាអាយុជីវិតបងប្អូនជាចំបង។ការគ្រោះថ្នាក់ចរាចរណ៍រមែងតែងតែបង្កវិនាសហិចហោចបាត់បង់អាយុជីវិតកូនកំព្រាឪពុកម្ដាយ បាត់បង់សាច់ញ្ញាតិ ដូច្នេះនាំគ្នាបង្កើនការគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា៕
ដោយ ៖ វណ្ណា