ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បញ្ជល់មាន់) ០១លើក នៅចំណុចលើវាលស្រែក្បែរផ្លូវលំក្រុមទី១០ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់ ១.ឈ្មោះ មួន នឿត ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តបាត់ដំបង (ម្ចាស់សៃវៀន), ២.ឈ្មោះ ភុន ភឿន ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អ្នកលេង), ៣.ឈ្មោះ ឌី លក ភេទប្រុស អាយុ៨០ឆ្នាំ រស់នៅភូមិកំពង់ម្កាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង (អ្នកលេង) និង៤.ឈ្មោះ គឹម វែង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិដំណាក់ត្រកោ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (អ្នកលេង) ។
វត្ថុតាង ដកហូតរួមមាន ៖
-ម៉ូតូចំនួន ១០គ្រឿង ។
-សត្វមាន់ចំនួន ០៣ក្បាល ។
-សៃវៀនចំនួន០១ ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៤នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕
ដោយ៖ អរុណរះ