ខេត្តកោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា កម្ពុជាត្រូវធានាឲ្យបាននូវសន្តិសុខថាមពលអគ្គិសនី និងឯករាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍប្រទេស និងបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សន្តិសុខថាមពលអគ្គិសនី គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ កម្ពុជាត្រូវធានាថា ខ្លួនអាចផលិតថាមពលដោយខ្លួនឯងបាន នៅពេលដែលចាំបាច់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍ពីករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបង្កឲ្យមានតម្រូវការប្រើប្រាស់អគ្គិសនីកើនឡើង ហើយមាននការដំឡើងថ្ល្លៃអគ្គិសនីជាដើម។ សម្តេចថា បើយើងគ្មានសមត្ថភាពក្នុងការផលិតថាមពលអគ្គិសនីដោយខ្លួនឯងទេ ហើយចាំតែទិញអគ្គិសនីពីខាងក្រៅ នោះយើងនឹងជួបវិបត្តិថាមពលអគ្គិសនីជាក់ជាមិនខាន។ បើតាមសម្តេចធិបតី ដោយសារវិស័យថាមពលអគ្គិសនី មានសារៈសំខាន់បែបនោះហើយ ទើបរាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងដើម្បីផលិតថាមពលអគ្គិសនីដោយខ្លួនឯង តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដូចជាការផលិតវារីអគ្គិសនីស្ទឹងតាតៃ ជាដើម។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ឯករាជ្យថាមពលអគ្គិសនី គឺកម្រមានប្រទេសណាមួយដែលអាចផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសខ្លួនបានទេនៅលើពិភពលោក ដោយសារចំនួនប្រជាពលរដ្ឋចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះយ៉ាងណា សម្រាប់កម្ពុជា កម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យទៅដល់កម្រិតមួយដែលអាចធ្វើទៅបាន ពោលគឺទោះជាមានបញ្ហាណាមួយកើតឡើងក្ដី ក៏កម្ពុជា នៅតែរក្សាបានថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបន្តទទួលខុសត្រូវចំពោះពលរដ្ឋ និងប្រទេសជាតិលើអាទិភាពចំនួន ៣ គឺទី១ ជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ទី២ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់ និងទី៣ ទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។
សម្តេចធិបតីបានបញ្ជាក់ថា ក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលត្រៀមថវិកាចំនួន ១០០ លានដុល្លារ សម្រាប់ទទួលខាតបង់ថ្លៃអគ្គិសនី និងជួយទប់ទល់ការឡើងថ្លៃតម្លៃអគ្គិសនីដល់ប្រជាពលរដ្ឋ៕
ដោយ ៖ សិលា