ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៨នាក់នេសាទខុសច្បាប់ក្នុងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ បញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យចំនួន៨នាក់ដែលឃុបឃិតគ្នា លួចធ្វើនេសាទខុសច្បាប់នៅក្នុងតំបន់ហាមឃាត់អាងទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយមន្ត្រីឆ្មាំនិងមន្ត្រីជំនាញផ្នែកជលផលឃាត់ខ្លួនបាន។ បន្ទាប់ពីបានឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង។

ក្នុងសកម្មភាពបញ្ជូនជនសង្ស័យទៅតុលាការ នៅព្រឹកថ្ងៃទី៣០ខែ វិច្ឆិកាឆ្នាំ ២០២៣ នេះ លោក ដេត ចំណាន នាយខណ្ឌលផលស្តីទីស្ទឹងត្រែងបានបញ្ជាក់ថា នេះជាក្រុមអ្នកនេសាទ ដែលតែងតែសហការឃុបឃិតគ្នាជា មួយនឹងប្រជាសហគមន៍លួចធ្វើនេសាទខុសច្បាប់នៅ ក្នុងអន្លង់អភិរក្សត្រីមេពូជក្នុងអាងទំនប់វារីអគ្គិសនីសេសានក្រោម២នៅក្នុងភូមិសាស្ត្រ ឃុំក្បាលរមាស   ស្រុកសេសានខេត្តស្ទឹងត្រែង។

លោកបន្តថា តំបន់នេះ រដ្ឋបាលជលផលនិងខណ្ឌជលផលខេត្ត ,អាជ្ញាធរមានសមត្ថកិច្ចបានផ្សព្វផ្សាយច្បាប់ហាមឃាត់មិនឲ្យចូលធ្វើនេសាទទេ តែក្រុមទាំង នេះបានឃុបឃិតគ្នាជាមួយប្រជាសហគមន៍ ជាថ្នូរនិងការសូកប៉ាន់លុយកាក់ ហើយចូលទៅធ្វើនេសាទដោយខុសច្បាប់។លោកនាយខណ្ឌស្ដីទីបន្តថា កម្លាំងគណៈបញ្ជាការឯកភាពស្រុកសេសាន ក្រោមការដឹកនាំបញ្ជាពីព្រះរាជ អាជ្ញាសាលាដំបូងខេត្ត បានចុះស្រាវជ្រាវឃាត់ខ្លួនបានចំនួន៩នាក់ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ១៣ ឆ្នាំបានឱ្យទៅផ្ទះវិញ ក្រៅពីនោះកសាងសំណុំរឿងបញ្ជូន ទៅតុលាការ នៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកានេះ។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅកាលពីថ្ងៃទី២៧-២៨ខែវិច្ឆិកាកន្លងមកថ្មីៗនេះ  ជាមួយនិងវត្ថុតាងមាន ៖ ទូកឈើចំនួន៣គ្រឿង,ទូស្មាច់១គ្រឿង, ម៉ាស៊ីន២៥សេះ២គ្រឿង២០សេះ២គ្រឿង-សន្ទូចរនង៣០០០ផ្លែ,មងបណ្តែត២៥០០ម៉ែត្រស្មើ២៧ត្បូងរួមនិងត្រីចម្រុះចំនួន៣៤គីឡូក្រាមផងដែរ។

ប្រជាពលរដ្ឋនៅក្នុងឃុំក្បាលរមាសសង្ឃឹមថា តុលាការនិងចាត់វិធានការតាមច្បាប់ចំពោះជនខិលខូចទាំងនេះ   និងស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ថែមទៀតទៅតាមនីតិវិធីប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ សូរិយា


ចែករំលែក៖