ប្រទេសវៀតណាម ៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នៅព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ លោក ង្វៀន ភូជុង (NGUYEN Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម នៅទីក្រុងហាណូយ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។
ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានពាំនាំការផ្តាំផ្ញើសាកសុខទុក្ខរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម។
ក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីសវៀតណាម ដែលមាន លោក ង្វៀន ហ្វូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរ និងឆាប់រហ័ស លើដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់វៀតណាមក្នុងតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានរាយការណ៍ពីលទ្ធផលនៃជំនួបពិភាក្សារការងារទ្វេភាគី រវាងសម្តេចនិង លោកប្រធានរដ្ឋសភាវៀតណាម កាលពីព្រឹកផងដែរ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នា នៅក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងនៅគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ រួមនឹងការពង្រឹងពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ ដូចជា លើកកម្ពស់ការធ្វើពាណិជ្ជកម្ម ជំរុញការវិនិយោគ និងទេសចរណ៍ឱ្យកាន់តែមានភាពរីកចម្រើន។
ជាមួយគ្នានេះ លោក ង្វៀន ភូជុង បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាការបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មី។ លោកចាត់ទុកដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ យូរអង្វែង និងមាននិរន្តរភាព ព្រមទាំងបន្តរក្សាពូនជ្រំ ថែរក្សានូវចំណងមិត្តភាពនេះឱ្យបានស្ថិតស្ថេរយូរអង្វែង រហូតដល់មនុស្សជំនាន់ក្រោយៗទៀត។ ជាងនេះទៅទៀត លោក បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំដ៏វាងវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជានឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ លោកអគ្គលេខាធិការបក្ស បានលើកឡើងពីប្រពៃណីនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម រួមនឹងប្រទេសឡាវ ផងដែរ ថាជាទំនាក់ទំនងមានតំាងពីយូរលង់មកហើយ។ ទំនាក់ទំនងប្រទេសទំាងបី មានលក្ខណៈជាប្រវត្តិសាស្រ្ត និងយូរអង្វែង ដែលគ្មាននរណាអាចបំភ្លៃប្រវត្តិសាស្រ្តបានឡើយ។
ជាចុងបញ្ចប់ លោកអគ្គលេខាធិការក៏បានផ្តាំផ្ញើការសាកសួរសុខរទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ការផ្តាំផ្ញើសាកសួរសុខទុក្ខជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផងដែរ៕
ដោយ ៖ សហការី