ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបណ្ដាលឲ្យយើងស្លាប់ ឬធ្លាក់ខ្លួនពិការបាន(Stroke)!

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចំនួននៃអ្នកកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក្នុងមួយឆ្នាំៗ មានចំនួនប្រហែល ១៥លាននាក់ ហើយក្នុងនោះមាន ៥លាននាក់អាចប្រឈមដល់អាយុជីវិតបាន។

ការស្គាល់ពីរោគសញ្ញានៃជំងឺនេះទាំងអស់គ្នា ដើម្បីឆាប់បញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត គឺជាមធ្យោបាយប្រសើរបំផុតតែមួយគត់ដែលនាំអោយជីវិតមួយត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

រោគសញ្ញាសំខាន់ៗរួមមាន៖

   – ពិបាកនិយាយភ្លាមៗ រឺនិយាយមិនបាន

   – ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)

   – វៀចមុខភ្លាមៗ

ប្រសិនបើអ្នកជំងឺបានមកដល់មន្ទីរពេទ្យ ក្នុងថេរៈវេលា៤ម៉ោងដំបូង ក្នុងករណីស្ទះសរសៃឈាមខួរក្បាល គាត់អាចទទួលបានការព្យាបាលដោយឱសថទំនើបចុងក្រោយ(Thrombolysis) ដែលអាចរំលាយដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការ ប្រើប្រាស់ថ្នាំនេះទេ)។ ការយឺតយ៉ាវក្នុងការព្យាបាល ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចឲ្យយើងធ្លាក់ខ្ឡួនពិការបាន ដែលជាការខាតបង់ធំធេងចំពោះខ្លួនយើង គ្រួសារ ក៏ដូចជាសង្គមជាតិយើងទាំងមូល។

ជាស្តង់ដារសាកលថែទាំ-ព្យាបាលដែលផ្តល់ជូនប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់បំផុត គ្រប់អ្នកជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ត្រូវតែបានទទួលការព្យាបាលនៅក្នុងបន្ទប់ព្យាបាលបន្ទាន់នៃជំងឺនេះ(Stroke Unit) ដែលមានគ្រប់ផ្នែកជំនាញឯកទេសពាក់ព័ន្ធ ដូចជាខាងសង្គ្រោះបន្ទាន់ ខាងរូបភាពវេជ្ជសាស្រ្ត ខាងប្រសាទសាស្រ្ត សរសៃឈាមខួរក្បាល ខាងវះកាត់ប្រព័ន្ធប្រសាទ និងខាងព្យាបាលដោយចលនា។

“ការអញ្ជើញមកកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយលោកអ្នកមានរោគសញ្ញាដូចរៀបរាប់ខាងលើ នៅផ្នែកថែទាំ-ព្យាបាលជំនាញជំងឺស្ទះសរសៃឈាមខួរក្បាល Stroke Unit នៃមន្ទីរពេទ្យកាល់ម៉ែត គឺជាកត្តាសត្យានុម័តនៃការ កាត់បន្ថយពិការភាព និងការកាត់បន្ថយកត្តាប្រឈមអាយុជីវិតដោយសារជំងឺនេះ។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សហការី


ចែករំលែក៖