ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់រួមដំណើរជាមួយនឹងបុរស២នាក់ទៀត ទំនងជាស្រវឹងស្រាបានបើករថយន្ដយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូអគ្គិសនីចំពីក្រោយពេញទំហឹង ប៉ើងទៅចិញ្ចើមផ្លូវបណ្ដាលឱ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូបោកក្បាលនៅនឹងថ្នល់ស្លាប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០២ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សូតម៉ាល័យ អាយុ៣៧ឆ្នាំ មុខរបរបំរើការងារនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ រស់នៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ បានបើកម៉ូតូអគ្គិសនីពណ៌ខ្មៅមួយគ្រឿង មិនមានស្លាកលេខជិះចេញពីកន្លែងធ្វើការ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួចធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើត ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កស៊េរី ទំនើប ម៉ាក Ford Mustang ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BW-0080 បើកបរដោយនារីម្នាក់ និងរួមដំណើរជាមួយបុរស២នាក់ទៀត ធ្វើដំណើរស្របគ្នាតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅ ពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូអគ្គិសនី ជិះដោយបុរសរងគ្រោះចំពីក្រោយពេញទំហឹង ប៉ើងខ្ទាតទៅចិញ្ចើមផ្លូវជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូបោកក្បាលនៅហ្នឹងផ្លូវស្លាប់នៅនឹងកន្លែង។ ហើយភ្លាមនោះដែរអ្នកបើករថយន្តបង្កត្រូវបានពលរដ្ឋជិតខាង និងសមត្ថកិច្ចឃាត់ខ្លួនអ្នកនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ ដើម្បីសាកសួរនាំបន្តនិងចាត់ការទៅតាមនីតិវិធី។

បន្ទាប់ពីកើតហេតសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង នឹងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖