ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុង មីទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៣) នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃសៅរ៍៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានមានប្រសាសន៍ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានបង្ខំប្រជាជនកម្ពុជាឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្មាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេស ពួកឃាតករអាវខ្មៅបានសម្លាប់ប្រជាជនកម្ពុជាដោយគ្មានកំហុស។
សម្តេចកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន
បានបន្តទៀតថា ដើម្បីរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតនេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន ហៅថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងដោយកម្លាំង «មហាសាមគ្គី» របស់ប្រជាជនទាំងមូលទាំងក្នុងនិងក្រៅប្រទេសដែលមាន សម្តេចពញ្ញាចក្រី ហេង សំរិន បច្ចុប្បន្នជាប្រធានរដ្ឋសភា សម្តេចធម្មពោធិសាល ជា ស៊ីម អតីតជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និង «វីរជនស្នេហាជាតិ» ជាច្រើននាក់ទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ។ «ព្រឹត្តិការណ៍ទាំងនេះ ក៏ត្រូវបានប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ក៏បានបន្តទៀតថា អង្គមិទ្ទីញនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញ នូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរា យ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល ក្នុងការស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់៕
ដោយ៖ សំរិត