ព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយការប្រយុទ្ធគ្នាបានបន្តចាប់ផ្តើមឡើងវិញ យោធាអ៉ីស្រាអែលបានអះអាងថា នៅមានចំណាប់ខ្មាំងចំនួនជាង១៣០នាក់ទៀត ដែលកំពុងស្ថិតក្នុងតំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip) បន្ទាប់ពីជាង១០០នាក់ ត្រូវបានដោះលែង អំឡុងបទឈប់បាញ់បណ្តោះអាសន្ន។
ក្នុងរយៈពេលប្រមាណជាមួយសប្តាហ៍កន្លងមកនេះ ក្រុមហាម៉ាសប៉ាឡេស្ទីនបានដោះលែងស្រ្តី កុមារ និងក្មេងជំទង់ជនជាតិអ៉ីស្រាអែល ចំនួន៨០នាក់ ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលបានជាប់ឃុំឃាំងក្នុងពន្ធនាគារអ៉ីស្រាអែល នៅក្រោមកិច្ចព្រមព្រៀងមួយដែលបានមើលឃើញការផ្អាកប្រយុទ្ធគ្នារយៈពេល៧ថ្ងៃ នៅតំបន់ Gaza។ មិនតែប៉ុណ្ណោះ មនុស្ស២៥នាក់ផ្សេងទៀតក៏ត្រូវបានដោះលែងផងដែរ ដែលភាគច្រើនជាពលករជនជាតិថៃ នាំឱ្យចំនួនចំណាប់ខ្មាំងសរុប ដែលត្រូវបានដោះលែងឱ្យមានសេរីភាពវិញ អំលុងពេលនោះ សរុប១០៥នាក់។
ដោយចំណាប់ខ្មាំង៥នាក់ត្រូវបានរំដោះនិងដោះលែងមុនមានបទឈប់បាញ់នោះ គិតជារួមគឺចំណាប់ខ្មាំងសរុប១១០នាក់ បានវិលត្រឡប់មកពីតំបន់ Gaza វិញ ដោយសុវត្ថិភាព រួមមានកុមារ-ក្មេងជំទង់៣៣នាក់ ស្រ្តី៤៩នាក់ និងបុរស២៨នាក់។ ចំណាប់ខ្មាំងសរុបដែលត្រូវបានក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចាប់យកទៅអំឡុងការឆ្មក់វាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា មានប្រហែល២៤០នាក់។
យោងតាមការអះអាងកាលពីថ្ងៃសុក្រ ដោយយោធាអ៉ីស្រាអែលផ្ទាល់ ចំណាប់ខ្មាំង៥នាក់ទៀតបានស្លាប់ ដែលនាំឱ្យចំនួនសរុបកើនដល់៧នាក់ ខណៈចំណាប់ខ្មាំងនៅមានជីវិតក្នុងតំបន់ Gaza គឺ១៣៦នាក់។
រដ្ឋាភិបាលអ៉ីស្រាអែលបានឱ្យដឹងថា ក្នុងចំណោមនោះ រួមមានជនជាតិអ៉ីស្រាអែល១២៥នាក់ ថៃ៨នាក់ នេប៉ាល់១នាក់ តង់សានី១នាក់ និងជនជាតិម៉ិចស៉ិកដើមកំណើតបារាំង១នាក់៕ ដោយ៖ ធីរីណា
រូបថត៖ Reuters