ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា មានអគ្គិភ័យឆាបឆេះតូបលក់ដូរទំនិញ ទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសីនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់តូបដែលត្រូវអគ្គិភ័យឆាបឆេះមានឈ្មោះ ភិន សុផល ភេទប្រុស អាយុ ៤០ឆ្នាំ និងប្រពន្ធឈ្មោះ សួង ស្រីយ៉ា អាយុ ៤០ឆ្នាំ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងទៀតថា ក្នុងហេតុការណ៍អគ្គិភ័យនេះសមត្ថកិច្ចយើងទទួលបាន សេចក្ដីរាយការណ៍ទាន់ពេលវេលា ប៉ុន្ដែដោយសារតែទំនិញក្នុងតូបជាប្រភេទទំនិញគ្រឿងជ័រងាយឆេះបណ្ដាលឱ្យភ្លើងឆាបឆេះខូចខាតស្ទើរទាំងស្រុងដែលរួមមាន៖ -ឆេះតូបអស់៧០%, ប៉ៅអុីដេកចំនួន២, កង្ហារចំនួន២ , ទូទឹកកកចំនួន២, ធុងទឹកកកចំនួន៤, ទូកញ្ចក់ចំនួន១, លុយខ្មែរ ១០០,០០០៛ (ដប់ម៉ឺនរៀល), ឆេះអីវ៉ាន់លក់ក្នុងតូប៨០% ។
តាមការបញ្ជាក់ពីឪពុកម្ចាស់តូបឈ្មោះ ភិន ជា អះអាងថា មូលហេតុដែលអគ្គិភ័យឆាបឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងតូប ហើយករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ប្រតិបត្តិការនេះសម្ថកិច្ចយើងបានជួយអន្តរាគមន៍ទាន់ពេលវេលាមិនបណ្តាលឱ្យឆេះឆ្លងរាលដាលទៅតូបអ្នកដទៃនោះទេ ហើយសមត្ថកិច្ចយើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ៣គ្រឿង គឺ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសំរោងទង១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកអង្គស្នួល១គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្ដ៕
ដោយ៖ ជ្រោយពេជ្រ