ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រោយពីបញ្ចប់សង្រ្គាម ទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះ ប្រទេសកម្ពុជាយើងចាប់ផ្តើមអភិវឌ្ឍលើគ្រប់វិស័យ ហើយអត្រាភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយជាលំដាប់ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ដើម្បីជួយគាំពារសង្គម និងលើកកម្ពស់ជីវភាពប្រជាជន ដោយមិនទុកអ្នកណាម្នាក់ចោល ពោលគឺធ្វើយ៉ាងណាដើម្បីឱ្យជីវភាពប្រជាជនយើង កាន់តែប្រសើរឡើងផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ អត្រាភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីឆ្នាំ២០០៧ ដែលអត្រាភាពក្រីក្រមាន ជាង ១៧ ភាគរយ ធ្លាក់មកក្រោម ១០ ភាគរយនៅឆ្នាំ២០១៧ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រាភាព ក្រីក្រនៅកម្ពុជាកើនដល់ជាង ១៧ ភាគរយឡើងវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្ដេជ្ញាចិត្តថា នឹងបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម ខណៈនៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៥រួចហើយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា