ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ៣ចំណុច ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាដើម្បីធានាការសម្រេចបាននូវគោលបំណងនៃកម្មវិធីនយោបាយអាទិភាពទី៣ របស់រាជរដ្ឋាភិបាល រួមមានដូចខាងក្រោម៖
ទី១- សូមអោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបន្តដឹកនាំសម្របសម្រួលការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាអោយមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព បរិយាប័ន្ន និងចរីភាព។
ទី២- ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ត្រូវខិតខំអោយអស់ពីកំលាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការចូលរួមជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នទៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន។
ទី៣- ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាន តាមរយៈមូលនិធិជាតិជំនួយសង្គមត្រូវគ្រប់គ្រងការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រៀបចំប្រព័ន្ធគ្រប់គ្រងកម្មវិធីគាំទ្របច្ចេកទេសដល់មន្រ្តីអនុវត្ត៍កម្មវិធីធ្វើការផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពលរដ្ឋគោលដៅ និងអនុវត្តន៍ប្រតិបត្តិការផ្តល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលប្រកបដោយ គណនីភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាន ត្រូវពង្រឹងការបញ្ជូនបន្ត និងការតភ្ជាប់អ្នកទទួលផលក្រោមកញ្ចប់គ្រួសារទៅនឹងកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស។
រដ្ឋាភិបាលគ្រោងបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយជំនួសនូវកម្មវិធីជំនួសង្គមថ្មីវិញ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក ជា សុមេធី ក្នុងពិធីប្រកាសដាក់អនុវត្តន៍ជាផ្លូវការនូវក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមចំនួន២នៅព្រឹកថ្ងៃអង្គារ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៣ នេះនៅសណ្ឋាគារសុខាភ្នំពេញ។
លោករដ្ឋមន្ត្រី ជា សុមេធី បានថ្លែងថាការបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសាររងគ្រោះពីជំងឺកូវីដ-១៩ នេះនឹងត្រូវធ្វើជាដំណាក់ដោយចាប់ពីខែមករា ឆ្នាំ២០២៤ នឹងត្រូវកាត់បន្ថយនូវអត្រាឧបត្តម្ភ មុននឹងបន្តទៅអនុវត្តក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាកម្មវិធីជំនួយសង្គមពិសេស ដែលត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងជួយរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ សម្រាប់ពេលមួយគ្រានៃវិបត្តិជំងឺកូវីដ-១៩ ប៉ុណ្ណោះ»។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាប់ផ្ដើមអនុវត្តនៅខែមិថុនា ឆ្នាំ២០២០ ដែលបានផ្គត់ផ្គង់ដល់ពលរដ្ឋជិត ៧០ម៉ឺនគ្រួសារ និងបានចំណាយថវិការហូតមកដល់ពេលនេះអស់ប្រមាណ ១ ២០០លានដុល្លារអាមេរិក។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាការបន្តជួយពលរដ្ឋទាក់ទងនឹងបញ្ហាជំងឹកូវីដ-១៩ មិនអាចបន្តរហូតនោះទេដោយសារវិបត្តិនេះបានបញ្ចប់ហើយ តែតម្រូវការរបស់ប្រជាជនដែលរងគ្រោះនៅតែមានបន្តដូច្នេះហើយទើបត្រូវមានយន្តការជួយជាបន្តទៀត។
សម្ដេចថ្លែងថា៖ «ទោះបីជាបន្តិចទៀតយើងត្រូវកាត់ជាជំហាននូវកម្មវិធីកូវីដ-១៩ តែយើងត្រូវរៀបចំយន្តការដើម្បីត្រៀមជួយប្រជាពលរដ្ឋតទៅទៀត»៕
ដោយ ៖ សហការី