ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បន្ទាប់ពីតស៊ូរំដោះជាតិនិងប្រជាជន រាជរដ្ឋាភិបាល មិនដែលទុកនរណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ពិភពលោក បានជួបប្រទះបញ្ហាផ្ទួនៗដែលប៉ះពាល់ទៅដល់ជីវភាពសង្គម និងសុខភាពរបស់ប្រជាពលរដ្ឋ អាយុជីវិតប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ កម្ពុជា ក៏ប្រឈមនឹងវិបត្តិដែលកើតឡើងដោយសារអតិផរណាពិភពលោកផងដែរ ដោយសារតែសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនជាសេដ្ឋកិច្ចដែលដាច់ឯកោនោះទេ គឺយើងភ្ជាប់សមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ មិនទុកឱ្យអ្នកណាម្នាក់ចោលដោយមិនបានយកចិត្តទុកដាក់នោះទេ ហើយរាជរដ្ឋាភិបាល ក៏មិនមែនធ្វើសកម្មភាពតែពេលល្អ តែពេលដែលលំបាក ទុកប្រជាជនចោលនោះទេ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ប៉ុន្តែរាជរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយដែលបុរេសកម្ម ដែលក្នុងរយៈពេល៤០ឆ្នាំមកនេះ ប្រវត្តិនៃការតស៊ូ រំដោះប្រទេស រហូតទៅដល់ ការបង្រួបបង្រួមជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជ រដ្ឋាភិបាល ដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន ៦ ដើម្បីឆ្លើយតប បន្ទាន់ទៅ នឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។

កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ រួមមាន៖ ទី១ ការពង្រីក សេវា ថែទាំ សុខ ភាព ឆ្ពោះ ទៅ រក ការ គ្របដណ្តប់សុខភាពជាសកល។ ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូន ដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ ទី៣ ការ ធ្វើ ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរង គ្រោះ នៅ ក្នុង គ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រា មាន គ្រោះ អាសន្ន ។ ទី៤ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ មាន លទ្ធភាព ចូល រួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារ សង្គម ផ្លូវ ការ។ ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅ លើក ស្ទួយ ផលិត កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦ ការដាក់ ពង្រាយ មន្ត្រី បច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំង ប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

កម្មវិធី នយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបាន ប្រកាស ដាក់ ឱ្យ អនុវត្ត ជា ផ្លូវការ នៅ ថ្ងៃ ទី ២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្ម វិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់ ឱ្យ អនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំណែកកម្មវិធីទី៣ ត្រូវបាន ដាក់ ឱ្យ អនុវត្ត នៅ ថ្ងៃ នេះ ៕

ដោយ ៖ សិលា


ចែករំលែក៖