ខេត្តកណ្តាល៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ខេត្តកណ្តាលនៅថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រកាសផ្តល់ការសិក្សាជំនាញបច្ចេកទេសជាង២០០០ កន្លែងលើជំនាញសំខាន់ៗចំនួន១២មុខដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល អាហារូបករណ៍សំខាន់ៗដែលវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បើកឱ្យសិក្សារួមមានជំនាញសិក្សាផ្នែកការងារកំបោរ (សំណង់)ចំនួន៣០០នាក់,ការដំឡើងបណ្តាញបំពង់ទឹកចំនួន ១៥០នាក់,ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ៣០០នាក់,ការផ្សារអគ្គិសនីចំនួន ១៥០ នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្តចំនួន ១៥០នាក់, ការថែទាំ និងជួសជុលរថយន្តចំនួន ១៥០ នាក់,សេវាកម្មកុំព្យូទ័រចំនួន ១៥០នាក់,សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានចំនួន ១៥០នាក់, ការងារគេហកិច្ចចំនួន ១៥០នាក់,ការចិញ្ចឹមនិងថែទាំត្រីប្រាចំនួន១៥០ នាក់ និងការកែច្នៃបន្លែ និងផ្លែឈើចំនួន ១៥០នាក់ ។
បេក្ខជនដែលសិក្សាបាននិងទទួលបានថវិកាឧបត្ថមចំនួន២៨ម៉ឺនរៀល ត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ មានបណ្ណសមធម៌ (ក្រីក្រ ១-២) និងបណ្ណគ្រួសារងាយរងហានិភ័យ ហើយត្រូវភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬសំបុត្រកំណើត។ ចំពោះម៉ោងសិក្សា បេក្ខ ជនទាំងអស់អាចសិក្សាចំនួន៣វេនគឺវេនថ្ងៃចន្ទ-សុក្រ (ព្រឹក-ល្ងាច) រយៈពេល ៤ខែ និង វេនថ្ងៃសៅរ៍-អាទិត្យ រយៈពេល១០ខែ ហើយដោយឡែកវេនយប់ត្រូវសិក្សាចំនួន៨ខែ។
បើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានដដែល ក្រៅពីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សិក្ខាកាមនឹងអាចចុះកម្មសិក្សាហាត់ការតាមបណ្តាក្រុហ៊ុនឯកជន សហគ្រាសដែលជាឱកាសការងារខ្ពស់។
គួរបញ្ជាក់ផងដែរថា ការប្រកាសផ្តល់អាហារូបករណ៍ពីវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនខេត្តកណ្តាលនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅនេះ បានដាក់ ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក ទេសដល់យុវជនមលពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់៕
ដោយ៖ សូរិយា