ព័ត៌មានទាន់ហេតុការណ៍៖

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងធនាគារវីន( ខេមបូឌា) ម.ក

ចែករំលែក៖

ភ្នំពេញ ៖ នារសៀល ថ្ងៃទី ០៥ ខែធ្នូ  ឆ្នាំ២០២៣ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងធនាគារវីន( ខេមបូឌា) ម.ក បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅមជ្ឈមណ្ឌលម៉ានី អគារThe Kampus។ 

មានប្រសាសន៍នាឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ការចុះអនុស្សារណៈជាមួយ ស.ស.យ.ក. គឺមានគោលបំណង ជួយសម្រួលទៅដល់សមាជិកស.ស.យ.ក. ឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានាក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុផងដែរ។  អ្នកឧកញ៉ា បានបន្តថា តាមរយៈគំនិតផ្តួចផ្តើមរួមគ្នានាពេលនេះ យើងនឹងរួមចំណែកក្នុងការកសាងយុជនជំនាន់ថ្មីមួយ ដែលពោរពេញទៅដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសមត្ថភាពរឹងមាំ។ 

ថ្លែងក្នុងអង្គពិធី លោក ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអ្នកឧកញ៉ា និងក្រុមការងារដែលបានអញ្ជើញចូលរួមក្នុងពិធីនាឱកាសនោះ។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ភាពជាដៃគូនាពេលនេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសឲ្យសមាជិកស.ស.យ.ក. នូវចំណេះដឹង និងប្រភពនៃការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាដំណើរឆ្ពោះទៅសម្រេចគោលដៅអនាគតរបស់ពួកគេ។ ឯកឧត្តមបានបន្តថា តាមរយះកិច្ចសហការនេះ គឺជាការឆ្លុះបញ្ចាំងពីការតាំងចិត្តឥតឈប់ឈរក្នុងការជំរុញដល់សក្តានុពលរបស់យុវជនកម្ពុជាផងដែរ។  

សូមជម្រាបជូនថា ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក សំហេង បូរ៉ា អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងជំរុញសហគ្រិនភាព និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហោ ប៊ុនថែ អគ្គនាយករងនៃ ធនាគារ វីង ៕

ដោយ ៖ សហការី


ចែករំលែក៖