ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការអន្តរក្រសួងប្រជុំពិភាក្សាអំពីការត្រៀមរៀប ចំប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ=ឈ្នះនិងខួប ៥ ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្ដីការក្រសួងការពារជាតិនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានបើកកិច្ចប្រជុំគណៈកម្មការអន្តរ ក្រសួង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ=ឈ្នះ និងខួប ៥ ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ដែលកិច្ច ប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តម សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិ ការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន ប្រចាំការ នៃគណ:កម្មការអន្តរក្រសួងដើម្បីរៀបចំប្រារព្ធខួបលើកទី២៥ និងការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ព្រមទាំងមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នសាមីក្រសួងពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ អគ្គបញ្ជាការ និងបណ្ដាលស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប ។

ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិ បាល ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥នៃការកសាងវិមានឈ្នះ ឈ្នះដែល នៅក្នុងសេចក្តីសម្រេចនោះបានចាត់តាំង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានគណៈកម្ម ការអន្តរក្រសួង និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្នាក់អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គស្នង ការនគរបាលជាតិ និងមេបញ្ជាការ កងកម្លាំងពាក់ព័ន្ធជាអនុប្រធាន,អនុប្រធានប្រចាំការ និងជាសមាជិក របស់គណៈកម្មការដើម្បីរៀបចំការប្រព្រឹត្តទៅ នៃការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការប្រកបដោយជោគជ័យ អនុវត្តនយោបាយឈ្នះឈ្នះ និងខួប ៥ ឆ្នាំនៃការកសាងវិមាន ឈ្នះ ឈ្នះ ក្នុងឆ្នាំ ២០២៣ នេះឱ្យប្រព្រឹត្តទៅដោយភាពភាពអធិក អធមរលូន និងជោគជ័យ ។ 

ឧត្តមសេនីយ៍ឯក មាស ស៊ីណា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងឲ្យស្ថាប័នអង្គភាពសេនាតេជោ បានលើកបញ្ជាក់ក្នុងផែនការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ថា ការប្រារព្ធធ្វើខួបលើកទី ២៥ នាឆ្នាំ ២០២៣ នេះ ក្រុមការងារបានសហការគ្នាជាប្រចាំ និងរៀបចំធ្វើនៅវិមានឈ្នះ ឈ្នះ ស្ថិតនៅតំបន់អភិវឌ្ឍឧកញ៉ា លី យ៉ុងផាត់ ក្នុងទឹកដីសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ 

បើយោងតាមផែនការពិធីអបអរសាទរខួបលើកទី ២៥ នាឆ្នាំនេះ នឹងត្រូវប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖