ភ្នំពេញ ៖ ដោយទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីរួមជាមួយ លោកស្រី Kerry Pelzman ប្រធានបេសកកម្មនៃអង្គការ USAID និង លោកវេជ្ជបណ្ឌិត Anirban Chattarjee តំណាងអង្គការ UNICEF ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងកូវីដ-១៩ (Pfizer) ចំនួន ៣០២, ៤០០ដូស តាមរយៈយន្តការ COVAX ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។
ក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការ បានពាំនាំនូវសេចក្តីថ្លែងអំណរគុណរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់អង្គការ UNICEF និងអង្គការ USAID ផ្តល់ជាអំណោយវ៉ាក់សាំងកូវីដ-១៩ តាមរយៈយន្តការ COVAX។
លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្នុងការឆ្លើយតប និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងរាតត្បាតផ្សេងៗទៀត ទទួលបានជោគជ័យនាពេលកន្លងមក ដោយមានការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលនៅកម្ពុជា។
លោកស្រី រដ្ឋលេខាធិការ ក៏បានលើកឡើងក្នុងកិច្ចពិភាក្សា ទៅលើចំនុចជាអាទិភាពរបស់ក្រសួងសុខាភិបាល ដែលពង្រីកផែនការសកម្មភាពបន្តទៀត ចំពោះជំងឺមិនឆ្លង ក៏ដូចជាសារៈសំខាន់នៃ គម្រោងសម្របសម្រួលសុខភាពតែមួយ (One Health) និងប្រព័ន្ធ Digital Health ជាដើម។
ក្នុងឱកាសនោះដែរ លោកស្រី រដ្ឋលេខាធិការ បានដឹកនាំប្រតិភូទៅទស្សនាស្វែងយល់ពីការរៀបចំស្តុកទុក វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាសម្ភារៈបរិក្ខារនានា ក្នុងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ៕
ដោយ ៖ សហការី