ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមហ៊ុន Beijing Urban Construction Group

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដឹកនាំដោយលោក Davis Li ប្រធានគ្រប់គ្រងទូទៅទទួលបន្ទុកកិច្ចការអន្តរជាតិចូលសម្ដែងការគួរសម និងពិភាក្សាការងារ។  

អង្គជំនួបនេះត្រូវបានរៀបចំតបតាមការស្នើសុំរបស់ក្រុមហ៊ុនដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ  លោកឧបនាយករដ្ឋមន្ត្រី អំពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ 

ក្នុងកិច្ចប្រជុំនេះ ក្រុមហ៊ុនក៏បានថ្លែងការកោតសរសើរលើការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំកន្លងមករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តពន្លឿនកិច្ចអភិវឌ្ឍន៍បន្ថែមទៀតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសេនាធិការក្នុងកិច្ចការងារវិនិយោគ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយមិត្តចិន។ ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានរំលេចអំពីភាពស្អិតរមួតនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរដែលបានបន្តរីកចម្រើនមិនឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ៕

ដោយ ៖ សហការី


ចែករំលែក៖