ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសជាគ្រូពេទ្យម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹងនៅវេលាម៉ោង ០៦និង៤០នាទីព្រឹកថ្ងៃទី០៧ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយហាយវេ ត្រង់ចំណុចផ្លូវបំបែកបាហៃ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក PCX ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AK-9631បើកបរដោយបុរសជាគ្រូពេទ្យម្នាក់ឈ្មោះ មឿន ថេត ហៅ ពេទ្យថេត អាយុ៦១ឆ្នាំ រស់នៅក្រុមទី១៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅត្បូង (ឆ្លងផ្លូវ) ស្របជាមួយរថយន្តដឹកដីមួយគ្រឿងផ្សេងទៀត លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានរថយន្តម៉ាក LEXUS RX300ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2I-0022 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីជនជាតិវៀតណាម០២នាក់ក្នុងទិសដៅពីលិចទៅកើត (បន្ទាយមានជ័យ ទៅ ភ្នំពេញ)ក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកពេញទំហឹងរុញជិត ១០០ម៉ែត្របណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែករថយន្តធ្លាក់ចូលស្រះទឹកតែមិនបណ្តាលអោយមាននណារម្នាក់រងរបួសឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការវាស់វែងស្ទូចយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖