ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចព័ទ្ធចាប់ជនបែកថ្នាំម្នាក់ក្រោយបង្ខាំងប្អូនស្រីពពោះម្នាក់ទុកក្នុងផ្ទះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរតនៈ ចុះធ្វើការឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យម្នាក់ដែលគេស្គាល់ថាជាមនុស្សបែកថ្នាំ ក្រោយរូបគេបានចាក់សោបង្ខាំងប្អូនស្រីបង្កើតដែលកំពុងពពោះម្នាក់ទុកក្នុងផ្ទះនិងកាន់កាំបិតខ្វែវដើរបំភ័យអ្នកស្រុក។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជនសង្ស័យមានឈ្មោះ ខៀវ សារិទ្ទ ហៅ ពោយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ហើយជនសង្ស័យរូបនេះបើយោងតាមការលើកឡើងរបស់ប្អូនស្រីម្នាក់បានបញ្ជាក់ថា បងប្រុសរបស់ខ្លួនដែលជាជនសង្ស័យ រយៈពេលកន្លងមកធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារពីរលើកមកហើយ ពី០១ឆ្នាំទៅ០២ឆ្នាំពាក់ព័ន្ធជាមួយករណីលួចនិងហិង្សា ហើយនេះជាលើកទី០៣ ពាក់ព័ន្ធករណីបង្ខាំងប្អូនស្រីពពោះទុកក្នុងផ្ទះ និងកាន់កាំបិតខ្វែវដើរគ្រវីពេញភូមិបំភ័យអ្នកស្រុក។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ហើយជាមួយគ្នានេះក្រុមគ្រួសាររបស់ជនសង្ស័យក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុខាងលើក៏បានសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចជួយធ្វើយ៉ាងណាឃុំខ្លួនជនសង្ស័យអោយបានយូរអង្វែងដើម្បីរក្សាសុខសវត្ថិភាពជូនប្រជាពលរដ្ឋ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖