ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបានសម្រេចហើយព្យាយាមរត់គេចខ្លួន។ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលឃុំសំបូរ បានធ្វើការឃាត់ខ្លួនឈ្មោះ ជា សារ័ត្ន ភេទ ប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធករណីលួចកាច់កយកម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IY.6417 លេខតួម៉ាស៊ីន ៦១១៣៧២៣ ជារបស់ឈ្មោះ ឡុង មករា ភេទប្រុស អាយុ៤៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងបុរីសៀងហុង ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចវាលខាងត្បូងភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលម្ចាស់ជិះយកទៅរកត្រី។
នគរបាលស្រុកសំរោងទងបានបន្តទៀតថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជា បានធ្វើសកម្មភាពកាច់កយកម៉ូតូខាងលើជាមួយឈ្មោះ ថុល ភេទប្រុស អាយុប្រហែល ២៩ឆ្នាំ មិនស្គាល់ទីលំនៅ កំពុងគេចខ្លួនបាត់ហើយ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននគរបាលដកហូតបានម៉ូតូជនរងគ្រោះ១គ្រឿងនិងទូរស័ព្ទ១គ្រឿង ម៉ាកវីវ៉ូ ពណ៌ខៀវ។ ករណីខាងលើនេះជំនាញកំពុងសួរនាំនិងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សហការី