ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម (CLV) លេីកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងវៀងចន្ទន៍។
សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ និងបន្តដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលសភាCLV លើកទី១ នៅប្រទេសឡាវ ពីថ្ងៃទី២ដល់ថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចជាផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូល CLV ក្នុងគោលបំណងបន្តថែរក្សា ពួនជ្រំឱ្យរឹងមាំ និង គ្រប់ជ្រុងជ្រោយបន្ថែមទៀត នូវទំនាក់ទំនងជិតស្និទ្ធប្រទេសកម្ពុជា និងប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ក៏ដូចជាប្រទេសទំាងបី ក្នុងក្របខ័ណ្ឌCLV ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
ដំណើរទស្សនកិច្ចនៅប្រទេសជិតខាងភូមិផងរបងជាប់កម្ពុជា នាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចប្រធានរដ្ឋសភា ចាប់តំាងពីរដ្ឋសភានីតិកាលទី៧បានប្រសូត្រឡើង។
នៅគ្រប់ជំនួបពិភាក្សាការងាររវាងសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ជាមួយលោក វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម ក៏ដូចជាជំនួបរវាងសម្តេចប្រធានរដ្ឋសភា ជាមួយឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (Xaysomphone Phomvihane ) ប្រធានរដ្ឋសភាឡាវ ថ្នាក់ដឹកនាំរដ្ឋសភាទំាងបីប្រទេស បានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាពរវាងប្រទេសជិតខាងថា បានឈរលើសាមគ្គីភាព ការជឿទុកចិត្ត ការគោរព និងការយោគយល់គ្នា ទៅវិញទៅមក បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជននៃប្រទេសនីមួយៗ។
ចំណងមិត្តភាពប្រទេសជិតខាងមិនត្រឹមចូលរួមចំណែកដល់វិបុលភាព សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅឡាវ និងនៅប្រទេសវៀតណាម ប៉ុណ្ណោះទេ ថែមទំាងនាំមកនូវវិបុលភាព ស្ថិរភាពនិងការអភិវឌ្ឍសម្រាប់តំបន់និងសកលលោកទៀតផង។ ក្នុងខណៈដែលពេលបច្ចុប្បន្ននេះ សកលលោកកំពុងស្ថិតក្នុងការប្រឈម ស្មុគស្មាញពីការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ការប្រឈមនឹងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងជំងឺរាតត្បាត នានា ជាដើមនោះ៕
ដោយ ៖ សិលា