ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងជាកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយតទៅមុខទៀត

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា យើងជាកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយតទៅមុខទៀត ដូច្នេះហើយបានជារាជរដ្ឋាភិបាល ត្រូវខិតខំប្រឹងប្រែងដើម្បីអភិរក្សមរតកដូនតាយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍដើម្បីអភិរក្ស ពីព្រោះតំបន់អង្គរ និងប្រាសាទអង្គរវត្តនេះ គឺជានិមិត្តរូបនៃអត្តសញ្ញាណជាតិខ្មែរយើង ហើយនេះក៏ជាមូលហេតុដែលរាជរដ្ឋាភិបាល បានចាត់វិធានការជាច្រើន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌរបស់បុព្វបុរសខ្មែរឱ្យបានគង់វង្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ខេត្ដសៀមរាប គឺជាដែកឆក់យ៉ាងសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាដែលវានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនផងដែរ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា ៖ សម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅកាន់តំបន់រុនតាឯក ក្នុងទឹកដីខេត្តសៀមរាប ចំនួន ៤ លើក ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងចុះបញ្ជាផ្ទាល់ដល់ផ្នែកពាក់ព័ន្ធ ដើម្បីពន្លឿនការងារសាងសង់ និងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនានាជូនពលរដ្ឋបានរស់នៅដោយផាសុក និងឆាប់រហ័ស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គេសួរថា តើរវាងប្រសាទអង្គរវត្ត និងប្រជាជនតើជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល។

សម្តេចមធិបតី ហ៊ុន ម៉ាណែត រម្លឹកឱ្យដឹងថា តំបន់រមណីយដ្ឋានមួយចំនួន ដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ក្នុងនោះមានដូចជាករណីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀតជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖