ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រសួងសុខាភិបាល នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ បានរួមសហការធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីផលប៉ះពាល់ពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងផលិតផលថ្នាំជក់ ដល់លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស នៅសាលសាលាមធ្យមវិចិត្រសិល្ប:។
លោក ហេង កំសាន្ត នាយករងសាលាមធ្យមសិល្ប: បានជម្រាបជូនថា ចាប់តាំងពីឆ្នាំ១៩៨១ រហូតមកដល់បច្ចុប្បន្ន (៤២ឆ្នាំ) សាលាមធ្យមវិចិត្រសិល្បៈបានបណ្តុះបណ្តាលអ្នកសិល្ប:ជាង១ម៉ឺននាក់ក្នុងនោះអ្នកធ្លាប់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀននិងថ្នាំជក់មានចំនួនសរុបជាង៦៣០នាក់ ។
ថ្លែងក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការរអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណដល់ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ដែលបានរៀបចំសិក្ខាសាលានេះឡើងស្របតាមសេចក្តីណែនាំ០០២សណន របស់អាជ្ញ់ាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានលោកសន្តិបណ្ឌិត នេត សាវឿន ជាប្រធាន ឆ្លើយតបទៅនឹងឆន្ទ:រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះទៅទៅផ្វីជាមូលដ្ឋានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនទៅតាមវិស័យការងារ និងវិជ្ជាជីវៈរបស់ខ្លួនក្នុងពេលអនាគត។
ក្នុងនាមលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាឱកាសនោះ លោក គឹម ពីនន់ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា ក្រសួងក្នុងនាមជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានឆន្ទ:មោះមុតចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីសិក្ខាសាលាផ្សព្វផ្សាយនេះចូលរួមការងារអប់រំ បង្ការ ថែរក្សាសុខភាព ទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរគ្រឿងញៀនខុសច្បាប់ និងផលប៉ះពាល់នៃការប្រើប្រាស់ ផលិតផលថ្នាំជក់ ដើម្បីធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍសង្គម ព្រមទាំង ឈានទៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងលុបបំបាត់គ្រឿងញៀនដែលបាននិងកំពុងរីករាលដាលពីទីប្រជុំជន រហូតដល់ជនបទ។
សូមបញ្ជាក់ថា សិក្ខាកាមនឹងទទួលបានចំណេះដឹងរួមមាន៖ ១.មូលដ្ឋានស្តីពីគ្រឿងញៀន
២.ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន
៣.ផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានាផងដែរ៕
ដោយ៖ សហការី