ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ឌូបៃ​ រំពឹងថាក្នុងត្រីមាសទី១ ឆ្នាំនេះ គ្រោងនឹងរៀបចំឱ្យមានវេទិការវាងផ្នែកឯកជន អាចជួបជជែកពិភាក្សាគ្នាស៊ីជម្រៅលើកិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹក​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីម្សិលមិញនេះ​ បានទទួលជួបពិភាក្សាការងារជាមួយលោក Marwan Al Marri នាយកប្រចាំតំបន់អាស៊ី នៃសភាពាណិជ្ជកម្មឌូបៃ ដោយក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងសមាគមឧកញ៉ាកម្ពុជាផងដែរ។ 

ក្នុងឱកាសនៃជំនួបនេះ តំណាងសភាពាណិជ្ជកម្មឌូបៃលោក Marwan Al Marri បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី អំពីសកម្មភាពវិនិយោគធ្លាប់បានអនុវត្តកន្លងមកក្នុងតំបន់ ដោយក្នុងនោះសភាពាណិជ្ជកម្មឌូបៃដើរតួនាទីសំខាន់ក្នុងការទាក់ទាញវិនិយោគិន និងបង្កើនសកម្មភាពពាណិជ្ជកម្ម។ លោក Marwan Al Marri បានសង្កត់ធ្ងន់លើទស្សនវិស័យវិជ្ជមាននៃពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលស្របទៅនឹងផែនការអភិវឌ្ឍន៍ “D33” ត្រឹមឆ្នាំ២០៣៣ របស់អេមីរ៉ាតអារ៉ាប់រួមផងដែរ។

ឆ្លើយតបលើការលើកឡើង លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅរាល់កិច្ចការងារវិនិយោគ និងពាណិជ្ជកម្មដែលសភាពាណិជ្ជកម្មឌូបៃ តំណាងឱ្យអាជីវកម្មផ្សេងៗគ្នាមានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា។ ក្នុងនោះ លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនផងដែរអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលដើរតួនាទីជាច្រកចេញចូលតែមួយក្នុងការសម្របសម្រួលកិច្ចការងារវិនិយោគរវាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ជូនផ្នែកឯកជន ហើយក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានសហការយ៉ាងជិតស្និតជាមួយសមាគមឧកញ៉ាកម្ពុជា ដែលជាតួអង្គវិនិយោគិនផ្ទាល់ផងដែរ។

ជាលទ្ធផលនៃកិច្ចពិភាក្សានេះ ភាគីទាំងពីររំពឹងថាក្នុងត្រីមាសទី១ ឆ្នាំ២០២៣ គ្រោងនឹងរៀបចំឱ្យមានវេទិការវាងផ្នែកឯកជន ដែលនាំឱ្យវិនិយោគិន និងផ្នែកឯកជននៃប្រទេសទាំងពីរអាចជួបជជែកពិភាក្សាគ្នាស៊ីជម្រៅលើកិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម៕

ដោយ៖ សហការី


ចែករំលែក៖