ភ្នំពេញ៖ តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលប្រព្រឹត្តបទល្មើសអំពើឃាតកម្ម ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ក្រោយត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ខណៈជនសង្ស័យបានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។ បន្ទាប់ពីជនសង្ស័យធ្វើអំពើឃាតកម្ម (ច្របាច់ ក ស្រ្តីម្នាក់ជាសង្សាររួចយកសាកសព ព្យួរ.ក ) ប្រព្រឹត្តល្មើសចំណុចបន្ទប់ជួលលេខ៣៧ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ ភុំ ផា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៣៧ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះឈ្មោះសុីម រ៉ាឌី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ១២សេ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីត ភូមិសំបួរ ឃុំព្រៃគុយ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ ៕
ដោយ៖សុខាសែនជ័យ