ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធMohamed Salah រកបានគ្រាប់ទី២០០ជួយឲ្យហង្សក្រហមឡើងឈរកំពូលតារាង

ចែករំលែក៖

ក្រុមហង្សក្រហម Liverpoolបានឡើងមកឈរកំពូលតារាងអង់គ្លេសPremier League ក្រោយពួកគេបានយកឈ្នះក្រុម Crystal Palaceដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃសៅរ៍ទី៩ធ្នូឆ្នាំ២០២៣។

ក្នុងការប្រកួតដែលធ្វើឡើងនៅក្នុងទឹកដីរបស់ក្រុម Crystal Palace ម្ចាស់ផ្ទះបានមានឱកាសនាំមុខមុនដោយកីឡាករJean-Philippe Mateta ស៊ុតបាល់ពិន័យ១១ម៉ែត្រ។ ក្រុមម្ចាស់ផ្ទះនៅសល់គ្នាតែ១០នាក់វិញក្រោយពេលខ្សែប្រយុទ្ធ Ayewទទួលបានកាតក្រហមនៅនាទីទី៧៥ ហើយខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah អាចស៊ុតបាល់បញ្ចូលទីបានលើក្រុមម្ចាស់ផ្ទះនៅនាទីទី៧៦ដែលជាគ្រាប់ទី២០០របស់ខ្លួនសម្រាប់ក្រុមហង្សក្រហម។

ដោយសារតែដឹងថាជ័យជម្នះអាចនាំពួកគេឡើងកំពូលតារាងបានទើបក្រុមហង្សក្រហមព្យាយាមវាយសម្រុកយ៉ាងខ្លាំងក្លាទៅលើក្រុមម្ចាស់ផ្ទះដែលមានគ្នាត្រឹមតែ១០នាក់រហូតដល់ជិតចប់ការប្រកួតក្នុងម៉ោងបន្ថែមទៅហើយទើបកីឡាករខ្សែបំរើសញ្ជាតិអង់គ្លេសHarvey Elliott ដែលទើបតែផ្តូរចូល បានរកគ្រាប់បាល់ទី២ដែលជាគ្រាប់បាល់ជ័យជម្នះដល់ក្រុមLiverpool។

ឆ្លងកាត់១៦ប្រកួតក្រុមហង្សក្រហមមាន ៣៧ពិន្ទុឈរកំពូលតារាងលើក្រុមលេខ២ Arsenalដែលមាន៣៦ពិន្ទុ ចំណែកក្រុម Aston Villa ដែលកំពុងតែឡើងជើងបានហក់មកកាន់លេខរៀងទី៣នៅអង់គ្លេស Premier League៕

ដោយ៖ ភារៈ


ចែករំលែក៖