ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងប្រឡាយគ្មានទឹក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋបានប្រទះឃើញមន្ត្រីយោធាម្នាក់ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដេកស្លាប់នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងប្រឡាយគ្មានទឹកនៅចំណុចទំនប់(ក.៥)ចម្ងាយ៣០០ម៉ែត្រពីផ្លូវជាតិលេខ៥៨D ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ 

លោក អុឹម សុភារៈ អធិការនគរបាល ស្រុកអូរជ្រៅបានឱ្យដឹងថាៈនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣មានឈ្មោះ គឹម មុន្នី មេយោធាប្រចាំទិសភូមិសិលាខ្មែរតាមបន្ទាត់ព្រំដែនខ្មែរ បានផ្តល់ព័ត៌មានមកថា មានករណីយោធា០១នាក់ដើរធ្លាក់ប្រឡាយស្លាប់ ។ ជនរងគ្រោះឈ្មោះ  លេង មុំ អាយុ៥១ឆ្នាំ ភេទប្រុស នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាមន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១) ។

លោកអធិការបានបន្តថា៖ ក្រោយពីទទួលបានព័ត៌មានយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសព ដែលមានសមាសភាព លោកអធិការរងទទួលផែនព្រហ្មទណ្ឌ , ក្រុមប្រឹក្សាឃុំអូរបីជាន់ , នគរបាលផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ , នាយប៉ុស្តិ៍រដ្ឋបាននគរបាលឃុំអូរបីជាន់ , មេបញ្ជាការរងកងអនុសេនាធំកងល្បាតទី៣(កងការពារព្រំដែនលេខ៥០៣ , លោកនាយនគរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ វរសេនាតូចលេខ៩១១ ,មន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១ ជាប្រធានគោលដៅសិលាខ្មែរ , អ្នកគ្រូពេទ្យមណ្ឌលសុខភាពសិលាខ្មែរនិងលោកមេភូមិសិលាខ្មែរ។ បើឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ជា ជាតិ អាយុ៥៥ឆ្នាំ (ជាមន្ត្រីយោធានៅអង្កភាពជាមួយ)បានបញ្ជាក់ថា កាលពីល្ងាចជនរងគ្រោះបានប្រាប់គាត់ថាមិនសូវស្រួលខ្លួន  លុះដល់ម៉ោងប្រហែល៣ជាងទៀបភ្លឺពេលគាត់ភ្ញាក់ឡើងស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងចំណុចឈរជើងនៅនឹងប្រឡាយអត់ទឹកទំនប់(ក.៥) ដែលប្រហែលជាដើរទៅបត់ជើងតូចក៏ដួលផ្ងារពោះស្លាប់តែម្តង ។ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ លេង ឡុន អាយុ៥៥ឆ្នាំ(ត្រូវជាបងបង្កើតនិងកូនស្រីឈ្មោះ ឈៀង ស្រីណាន់អាយុ២២ឆ្នាំ(ត្រូវជាកូនបង្កើត)បានបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយនិងដើរផឹកស្រាសជាប្រចាំថ្ងៃ ។

    លោកអធិការនគរបាលស្រុកអូរជ្រៅបានបន្តថា៖ ក្រោយពីការត្រួតពិនិត្យទៅលើខ្លួនប្រាណសាកសព ឈ្មោះ លេង មុំ រួចមក ក្រុមការងារនិងកូនស្រីបង្កើតនិងបងប្រុសបង្កើតរបស់សពឈ្មោះ លេង មុំ អាចសន្និដ្ឋានបានថា ជនរងគ្រោះ ឈ្មោះ លេង មុំ ពិតជាស្លាប់ដោយសារដើរទៅបត់ជើងតូចដូលផ្ងារពោះដាច់សរសៃឈាមស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធរឿងឃាតកម្មនោះទេ ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយក្រុមការងារពិនិត្យរួច ៕

ដោយ ៖ វណ្ណា


ចែករំលែក៖