ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។

បេីយោង​តាម​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការ​អញ្ជើញរបស់លោក ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម។

អញ្ជើញអមដំណើរសម្ដេចធិបតីទៅកាន់ប្រទេសវៀតណាម រួមមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា។

យោងតាមក្រសួងការបរទេស បានឱ្យដឹងផងដែរថា ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (១១,១២ ខែធ្នូ) សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុង​គោល​បំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច ការព្រំដែន ជាដើម។

បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមក​ពិភាក្សា​ផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រម​ព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាម ស្ដីពីការជំរុញពាណិជ្ជកម្ម និង​វិនិយោគ។

សម្ដេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ង្វៀន ហ្វ៊ួចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងលោក រឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម សម្ដេចធិបតី ក៏នឹងអនុញ្ញាតឱ្យលោកស្រី ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្ដរជាតិ នៅទីក្រុង​ហាណូយ។

ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេស​វៀតណាមនាពេលនេះ នឹងបង្ហាញ​ពីការធ្វើ​ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរ​អង្វែង​រវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ៕

ដោយ៖ សហការី


ចែករំលែក៖