ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោក ទុកពេល១សប្ដាហ៍ ឱ្យម្ចាស់អាជីវកម្មលក់ដូរនៅជាប់របងពេទ្យកុមារជាតិរុះរើចេញ

ចែករំលែក៖

ភ្នំពេញ៖ វិធានការក្តៅហើយ ដោយអាជ្ញាធរខណ្ឌទួលគោកបានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្ម លក់ដូរលើផ្លូវ អមសងខាង ជុំវិញមន្ទីរពេទ្យកុមារជាតិឲ្យរុះរើចេញ ដើម្បីចូលរួមរក្សា​សណ្ដាប់ធ្នាប់​បរិស្ថាន​អនាម័យ ​និងកាត់បន្ថយការកកស្ទះ។ 

ព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោកដឹកនាំ​កម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌចុះអប់រំណែនាំ និង​បិទផ្សាយសេចក្ដីជូន ដំណឹងចុងក្រោយរបស់​រដ្ឋបាល​ខណ្ឌ ជូន​ដល់ម្ចាស់​អាជីវកម្ម​ប្រកប​ការលក់ដូរ ​លើចិញ្ជើមផ្លូវជុំវិញមន្ទីរពេទ្យ​កុមារជាតិ​ទាំងអស់​ដើម្បីឲ្យរុះរើចេញក្នុង រយៈពេល១ សប្តាហ៍។ បច្ចុប្បន្នអាជៅវករបាន​យក​ចិញ្ចើម​ផ្លូវ​លក់ដូរ រំលោភលើផ្លូវ ​ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ​និងបង្កការកកស្ទះចរាចរណ៍ផងដែរ។

ក្នុងនោះដែរលោកអភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា អាជ្ញាធរខណ្ឌបាន​ចុះជូនដំណឹង​ដល់​ម្ចាស់អាជីវកម្ម នៅជុំវិញរបងពេទ្យកុមារជាតិជាច្រើនលើកច្រើនសារមកហើយ។ ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះ​មិន បានចូលរួម​សហការ​ជាមួយអាជ្ញាធរឡើយ។ ដូដូច្នេះអាជ្ញាធចេញសេចក្ដីជូនដំណឹងនេះជាលើកចុងក្រោយ ក្នុងរយៈពេល១សប្តាហ៍ ដើម្បី​ឲ្យ​ពួកគាត់​រុះរើ​ចេញ​ក្នុង​ករណី​មិន​ចូលរួម​សហការ​ជាមួយអាជ្ញាធរ​ និងចាត់ការវិធានការរដ្ឋបាល។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ សូមជម្រាបជូនដល់បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ ​នៅ​លើចិញ្ចើមផ្លូវ​អមសង្ខាងផ្លូវ ​បរិវេណជុំវិញ​មន្ទីរពេទ្យ​កុមារជាតិ ក្ក្នុងសង្កាត់ទឹកល្អក់ទី១ ទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួម​សហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ ​និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមាន​របៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង​លើក កម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ទួលគោក​ ស្នើសុំឱ្យលោក​ លោកស្រី ម្ចាស់​អាជីវកម្មទាំងអស់ បញ្ឈប់ជាបន្ទាន់​ក្នុងការប្រកបអាជីវកម្ម លក់ ដូរគ្រប់ប្រភេទ​រំលោភ​លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ​ឬត​សំយាប​រំលោភ​លើ​ចិញ្ចើម​ផ្លូវសាធារណៈ ​និងត្រូវរុះរើចេញ ដោយ​ទុករយៈពេលឱ្យ៧ថ្ងៃ​ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ៕

ដោយ៖ សហការី


ចែករំលែក៖