ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ ខណៈដែលរថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុនសូគីមិចបុកជាមួយម៉ូតូមួយគ្រឿងហើយជ្រុលទៅបុកជាមួយរថយន្តដឹកកម្មកររោងចក្រមួយគ្រឿងទៀតពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង ២៥នាទីព្រឹកថ្ងៃទី១២ ខែធ្នូ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣ ទៅលេខ២៤ ស្ថិតនៅក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងរវាងរថយន្តដឹកប្រេង សាំងរបស់ក្រុមហ៊ុនសូគីមិច បានប៉ះជាមួយម៉ូតូ១គ្រឿង ហើយបានរេចង្កូតទៅបុកជាមួយរថយន្តដឹកកម្មករ១ គ្រឿងផ្សេងទៀតដែលដឹកមនុស្សប្រហែល៥០នាក់ ។
នគរបាលចរាចរណ៍បានបន្តថា ករណីនេះ កម្លាំងនគរបាលបានចេញអន្តរាគមន៍សង្គ្រោះ និងសម្រួលចរាចរណ៍មិនបណ្តាលឱ្យកកស្ទះឡើយ។
នគរបាលចរាចរណ៍ដដែលបានបន្ថែមថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ ដែលជាអ្នកបើកបរម៉ូតូនិងរងរបួសកម្មកររោងចក្រ ជាច្រើននាក់។ នគរបាលជំនាញ កំពុងដឹកយកទៅសង្គ្រោះដោយបញ្ចូនទៅមន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ៕
នគរបាលចរាចរណ៍បានបញ្ជាក់ថា អ្នកបើកបររថយន្តដឹកប្រេងសាំងសូគីមិចចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តដឹកកម្មកររោងចក្របានរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនយកទៅសង្គ្រោះ៕
ដោយ៖ សូរិយា