ព័ត៌មានទាន់ហេតុការណ៍៖

ភាពមិនប្រក្រតីនៃការដេញថ្លៃសាងសង់ផ្លូវបរាជ័យជាបន្តបន្ទាប់ ក្រោយមកឮថាបានចុះកិច្ចសន្យាអនុវត្តឱ្យទៅក្រុមហ៊ុនមួយដោយមិនប្រកាសដេញថ្លៃឡើយ

ចែករំលែក៖

    ខេត្តរតនគិរី៖ បែកធ្លាយឃុំចំនួនពីរដែលសកម្មភាពគណៈកម្មការលទ្ធកម្មឃុំ ក្នុងការបើកសំណើដេញថ្លៃសាងសង់ផ្លូវ មួយចំនួននៅក្នុងខេត្តរតនគិរី ដែលគេសង្កេតឃើញថា មានភាពមិនប្រក្រតីជាច្រើនបង្កដល់ការកកស្ទះដំណើរការអភិវឌ្ឍន៍គម្រោងសាងសង់ផ្លូវឃុំដោយលើកផែនការដេញថ្លៃបរាជ័យជាបន្តបន្ទាប់ ហើយបែរជាលេចឮថាគម្រោងនោះបានចរចាឱ្យទៅក្រុមហ៊ុនមួយចុះកិច្ចសន្យាអនុវត្តដោយមិនឆ្លងកាត់ការប្រកាសដេញថ្លៃនោះទេ។

   ទាក់ទិននឹងករណីនេះដែរមាននៅឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរីបានបើកប្រជុំដេញថ្លៃនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លើកទី១បានបរាជ័យដោយមានក្រុមហ៊ុនតែមួយប៉ុណ្ណោះបានទៅដាក់សំណើហើយដំណើការប្រកាសដេញថ្លៃគណៈកម្មការមិនអាចទទួលបើកសំណើបានក៏បានប្រគល់សំណើជូនក្រុមហ៊ុននោះវិញ ដោយគណៈកម្មការប្រកាសក្នុងអង្គប្រជុំថា គម្រោងនោះនឹងប្រកាសនៅលើកក្រោយទៀតដោយសារតែមូលហេតុសំណើមានតែមួយ ដូច្នេះគណៈកម្មការមិនអាចបើកសំណើបានទេ លុះត្រាមានសំណើចំនួនបីទើបមានសុពលភាពបើកសំណើបានស្របតាមនីតិវិធីលក្ខខណ្ឌរបស់គ.ជ.អ.ប.ថ្នាក់ក្រោមជាតិ។

នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ គណៈកម្មការលទ្ធកម្មឃុំបានបើកប្រជុំប្រកាសដេញថ្លៃជាលើកទី២ នៅពេលដល់ម៉ោងប្រកាសដេញថ្លៃមានក្រុមហ៊ុនជាច្រើនបានចូលរួមទៅដាក់សំណើដេញថ្លៃ តែពុំទាន់មានក្រុមហ៊ុនណាមួយដាក់សំណើដេញថ្លៃទៅក្នុងប្រអប់ទទួលសំណើនោះទេ ហើយស្រាប់តែលោកមេឃុំសាមគ្គីប្រកាសថាខ្វះគណៈកម្មការម្នាក់។ គម្រោងនោះក៏បានប្រកាសទៅលើកក្រោយទៀតជាលើកទីបី។

    តើនេះជាកំហុសរបស់គណៈកម្មការលទ្ធកម្មឃុំដែលជាម្ចាស់គម្រោង ឬគម្រោងនោះត្រូវបានផ្អិបទុកដើម្បីទម្លាក់ទៅឱ្យក្រុមហ៊ុនមួយណាដែលម្ចាស់គម្រោងពេញចិត្ត។

    រហូតមកដល់បច្ចុប្បន្នគម្រោងនោះមិនត្រូវបានប្រកាសនោះឡើយ តែបែរលេចឮថា គម្រោងនោះបានចរចាឱ្យទៅក្រុមហ៊ុនមួយចុះកិច្ចសន្យាអនុវត្តតែម្ដង។

    គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហមមានប្រវែង៥គីឡូម៉ែត្រទទឹង ៦ម៉ែត្រ និងសាងសង់លូទោលមុខកាត់៨០សង់ទីម៉ែត្រប្រវែង១២ម៉ែត្របីកន្លែង សាងសង់លូភ្លោះមុខកាត់ ៨០សង់ទីម៉ែត្រ ប្រវែង១២ម៉ែត្រមួយកន្លែង សាងសង់លូភ្កោះមុខកាត់១ម៉ែត្រ ប្រវែង១២ម៉ែត្រចំនួនមួយកន្លែង ទីតាំងសាងសង់ស្ថិតនៅភូមិបរញ៉ុក ឃុំសាមគ្គីស្រុកអូរជុំ តម្លៃប៉ាន់ស្មានសរុប ១៦៨.៤៦៨.៨៥៣រៀល។

ដោយឡែកនៅឃុំកាឡែង ស្រុកលំផាត់ ក៏មានសកម្មភាពស្រដៀងគ្នានឹងឃុំសាមគ្គីនោះដែរ នៅព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣ ឃុំកាឡែង ស្រុកលំផាត់ខេត្តរតនគិរីមានគម្រោងសាងសង់ផ្លូវក្រួសក្រហមប្រវែង ៣គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ សាងសង់លូកាត់ផ្លូវ លូទោលមុខ០.៨ម ប្រវែង១០ ម៉ែត្រមួយកន្លែង សាងសង់លូជ្រុងភ្លោះមុខកាត់ ២ម៉ែត្រx៣ ម៉ែត្រ ទទឹង ៦ ម កំពស់២ម៉ែត្រមួយកន្លែង ទីតាំងស្ថិតនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ក្នុងតម្លៃប៉ាន់ស្មានសរុប២០២.៤១០.២៥៨ រៀលគត់។

    ប្រភពពីអ្នកដេញថ្លៃនៅព្រឹកថ្ងៃទី១២ខែធ្នូ២០២៣នេះបានឱ្យដឹងថាបានទាក់ទងតាមទូរស័ព្ទទៅស្មៀនឃុំសាមគ្គីដែរតែលោកស្មៀនបានឆ្លើយថាកំពុងធ្វើលិខិតស.ជ.ណ.ស្នើទៅខេត្ត។

ករណីនេះបើធ្វើលិខិតស.ជ.ណ.ស្នើទៅខេត្តចាំបាច់អីត្រូវប្រកាសលើវែបសាយ NCDDនិងប្រកាសដេញថ្លៃធ្វើអ្វីទៅ…..?៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖