ព័ត៌មានទាន់ហេតុការណ៍៖

ការបំផ្លិចបំផ្លាញនៅហ្កាហ្សា អាក្រក់ជាងនៅអាល្លឺម៉ង់អំឡុងសង្រ្គាមលោកលើកទី២

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ប្រមុខការទូតសហភាពអឺរ៉ុប (EU) លោក Josep Borrell បាននិយាយថា ស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា គឺជាគ្រោះហន្តរាយដ៏ធ្ងន់ធ្ងរ មួយដែលវិសាលភាពនៃការបំផ្លាញមានទំហំធំជាងការបំផ្លិចបំផ្លាញដែលអាលឺ្លម៉ង់ធ្លាប់បានជួបប្រទះអំឡុងសង្រ្គាមលោកលើកទី២ ទៅទៀត។
លោក Josep Borrell បានធ្វើការកត់សម្គាល់បែបនេះក្រោយដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ តាមលោក Borrell ការឆ្លើយតបដោយយោធារបស់អ៉ីស្រាអែលទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ បានបណ្ដាលឱ្យជនស៊ីវិលក្នុងចំនួនដ៏ច្រើនស្លាប់និងរងរបួស។
ប្រមុខការទូតសហភាពអឺរ៉ុបរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ខណៈសហភាពអឺរ៉ុបចាត់ទុក ការវាយប្រហាររបស់ក្រុមហាម៉ាស់ជាអំពើភេរវកម្ម លោកផ្ទាល់ក៏បានមើលឃើញដែរថា ប្រតិបត្តិការយោធារបស់អ៉ីស្រាអែលគឺជ្រុលហួសហេតុ ដោយសារតែការស្លាប់របស់ជនស៊ីវិលនិងការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ «ការបំផ្លិចបំផ្លាញអគារក្នុងតំបន់ហ្កាហ្សា…គឺមានវិសាលភាពធំធេងជាងការបំផ្លិចបំផ្លាញទីក្រុងនានាដែលអាល្លឺម៉ង់បានជួបប្រទះអំឡុងសង្រ្គាមលោកលើកទី២ទៅទៀត»។ នេះជាការបន្ថែមរបស់លោក Borrell។
គួរបញ្ជាក់ថា បើតាមលោក Josep Borrell សហភាពអឺរ៉ុបក៏មានការព្រួយបារម្ភដែរពីអំពើហិង្សាក្នុងតំបន់ West Bank ប្រព្រឹត្តដោយនិគមជនអ៉ីស្រាអែលជ្រុលនិយមប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ហើយបានថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៉ីស្រាអែល ក្នុងការអនុម័ត ការសាងសង់ផ្ទះ១៧០០ខ្នងបន្ថែមក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលនេះត្រូវបានសហភាពអឺរ៉ុបចាត់ទុកថាជាទង្វើបំពានច្បាប់អន្តរជាតិ។
លោក Borrell បន្ថែមថា លោកផ្ទាល់នឹងលើកឡើងនូវសំណើមួយជាផ្លូវការដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងនិគមជនអ៉ីស្រាអែលជ្រុលនិយមក្នុងតំបន់ West Bank ដែលវាយប្រហារប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ដោយផ្អែកលើចំណាត់ការរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីនេះដែលបានដាក់ បម្រាមទិដ្ឋាការលើនិគមជនអ៉ីស្រាអែលជ្រុលនិយម៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖