ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារជញ្ជីងចល័ត ដែលដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចូលរួមដោយ លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន សមាជិក និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ១១០ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើ ក្រុមការងារបានឃាត់ចាប់រថយន្តដឹកលើសទម្ងន់ ចំនួន ៤ គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ រហូតដល់ ៩តោន។ រថយន្តល្មើសទាំង ៤គ្រឿង បានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ អនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕
ដោយ ៖ សហការី