ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង “យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤-២០២៨”

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិកគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង “យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤-២០២៨” នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចដឹកនាំរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាលើសេចក្តីព្រាង “យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤-២០២៨” ដោយមានការចូលរួមយោបល់យ៉ាងផុលផុសពីសមាជិកនៃ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកែលំអឱ្យមានអត្ថន័យត្រឹមត្រូវ ពេញលេញ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីបន្តរៀបចំដាក់ឆ្លងប្រមុខរាជរដ្ឋាភិបាល គោរពស្នើសុំសេចក្តីសម្រេច និងដាក់ចេញឱ្យអនុវត្តនាពេលខាងមុខ។

សូមជម្រាបដែរថា៖ សេចក្តីព្រាង “យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤-២០២៨” ជាឯកសារតម្រង់ទិស សម្រាប់ការគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនៅកម្ពុជា ដែលត្រូវបានរៀបចំដោយ គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យុទ្ធសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខណ្ឌការងារ សម្រាប់លើកកម្ពស់ស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រត្តិបត្តិការអភិវឌ្ឍន៍ ដើម្បីរួមចំណែកអនុវត្តបណ្តាអាទិភាពជាតិ ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចជាគាំទ្រដំណើរចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕

ដោយ ៖ សហការី


ចែករំលែក៖