ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ​ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។​

នៅក្នុង​សេចក្ដីប្រកាសព័ត៌មានខា​ងលេីនេះ​ បានបញ្ជាក់ថា​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោក ផាម មិញវិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទស្សនកិច្ចនេះ បាននាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម។

ក្នុងវិស័យនយោបាយ និងការទូត៖ សម្តេចធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត និងជួបពិភាក្សា ការងារទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រីវៀតណាម និងបានជួបសម្តែងការគួរសមចំពោះអគ្គលេខាធិការបក្ស កុម្មុយនីស្តវៀតណាម ប្រធានរដ្ឋ និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគី លោក ផាម មិញវិញ បានបង្ហាញនូវកិច្ចស្វាគមន៍ សម្តេចធិបតី សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ លើកទី១ មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមអបអរសាទរចំពោះជោគជ័យ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងអបអរសាទរ សម្តេចធិបតី ដែលត្រូវបានមហាសន្និបាតបោះឆ្នោត ជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា តាម រយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម នឹងកាន់តែ រីកចម្រើនរឹងមាំ ស្របតាមស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិមិត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង និងបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាក់ជាមិនខាន។ សម្តេចធិបតី បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចផ្លូវការនេះ និងបានជម្រាបនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូន លោកនាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។ 

ក្រៅពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានបន្តផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានភាពប្រទេសទាំងពីរ ពាក់ព័ន្ធនឹង ទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ព្រមទាំងបានពិភាក្សា និងវាយតម្លៃលើលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងរយៈកាលកន្លងមក។ ភាគីទាំងពីរ បានឯកភាពដាក់ចេញនូវទិសដៅបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យឱ្យទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការតភ្ជាប់ ការពារជាតិ សន្តិសុខ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។ កិច្ចការតំបន់ និងសាកល ក៏ត្រូវបានភាគី ទាំងពីរលើកឡើង ដោយបង្ហាញការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខណ្ឌអង្គការសហប្រជាជាតិ អាស៊ាន និងអនុតំបន់មេគង្គ ជាដើម។

បន្ទាប់មក នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតី នៃពិធីចុះហត្ថលេខាលើឯកសារ ចំនួន៣ រួមមាន ទី១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេក វិទ្យា វៀតណាម។ ទី២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ កម្ពុជា និងបណ្ឌិត្យសភាការទូត វៀតណាម។ និងទី៣-អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។

សម្រាប់ជំនួបសម្តែងការគួរសមដាច់ដោយឡែក លោក ទៀន ធ្វើចុង អគ្គលេខាធិការបក្សកុម្មុយ- នីស្តវៀតណាម ឯកឧត្ដម ម៉ វ៉ាន់ធឿង ប្រធានរដ្ឋ និងលោក មឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការ លើកទី១ របស់ សម្តេចធិបតី និងចូលរួមអបអរសាទរ សម្តេចធិបតី ដែលត្រូវបានមហាសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំវៀតណាម ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបាន ពង្រឹង និងពង្រីកឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ហើយប្រទេសកម្ពុជានឹងកាន់តែបន្តការអភិវឌ្ឍខ្លាំងក្លា។ ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងការបង្ហាញសុទិដ្ឋិនិយមចំពោះ ការដឹកនាំរបស់ សម្តេច ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ជូនថ្នាក់ ដឹកនាំវៀតណាមផងដែរ។ សម្តេចធិបតី ក៏បានបញ្ជាក់អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដោយក្នុងនោះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវវៀតណាម «កញ្ចប់ទេសចរណ៍ប្រទេសប៊ី គោលដៅតែមួយ (Three Countries One Destination Package)» ជាដើម។ សម្តេចធិបតី ក៏គូសបញ្ជាក់អំពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឈរ លើនិរន្តរភាព និងសង្គតិភាព ហើយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងបន្តពូនជ្រុំចំណងមិត្តភាព និងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនង រវាងប្រជាជន និងប្រជាជន សំដៅធានាបាននូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។

ដោយឡែកក្នុងវិស័យសេដ្ឋកិច្ច និងវិនិយោគ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួប ថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាម ចំនួន៦ និងអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-វៀតណាម ឆ្នាំ២០២៣ ជាមួយ លោកនាយករដ្ឋមន្ត្រីវៀតណាម។ ថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាម រួម មាន ក្រុមហ៊ុន VIETTEL ក្រុមហ៊ុន VIETJET Group ក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ធនាគារវិនិ យោគ និងអភិវឌ្ឍន៍វៀតណាម ក្រុមហ៊ុន THACO និងក្រុមហ៊ុន Vingroup Corporation បានបង្ហាញក្តីរីករាយ ដែលមានឱកាសបានចូលជួប សម្តេចធិបតី និងជម្រាបជូននូវការចូលរួមអបអរសាទរ សម្តេចធិបតី សម្រាប់ ការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងថ្មីៗនេះ ត្រូវបានមហាសន្និបាតគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្ស។ ទន្ទឹមនិងការថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែ យកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់ដំណើរការធុរកិច្ចនៅកម្ពុជានោះ ថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាម ក៏ បានបង្ហាញឆន្ទៈក្នុងការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ និងបំណងដាក់ទុនវិនិយោគថ្មីៗបន្ថែមទៀតនៅ កម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុន ទាំងនៅ ក្នុងប្រទេសវៀតណាម និងនៅប្រទេសកម្ពុជា ព្រមទាំងបានសម្តែងការកោតសរសើរចំពោះការចូលរួមជាវិជ្ជមានក្នុង កិច្ចការសង្គម និងមនុស្សធម៌នៅកម្ពុជា។ សម្តេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុនវៀតណាមទាំង ៦ ពង្រីកការ វិនិយោគថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបាននឹងកំពុងផ្តល់នូវបរិយាកាសវិនិយោគយ៉ាងអំណោយផល ជាពិសេសតាម រយៈច្បាប់វិនិយោគថ្មី។

សម្តេចធិបតី ក៏ទទួលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សមាគមមិត្តភាពកម្ពុជា-វៀតណាម និងសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ផងដែរ។

ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ សម្តេចធិបតី បានបង្ហាញ ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមធុរជនវៀតណាម ដែលមានចំណាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ បទដ្ឋានគតិយុត្ត និងវិធានការ នានា ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញថ្មីៗនេះ។ សម្តេចធិបតី បានគូសបញ្ជាក់អំពី ស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែល «នៅតែរក្សាបានភាពធន់ និងត្រលប់មករកវិថីកំណើនខ្ពស់» និងបានជំរុញលើកទឹក ចិត្តវិនិយោគិនវៀតណាមឱ្យមកបណ្តាក់ទុន ក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ខ្សែច្រវាក់ផលិតកម្មនៅ វៀតណាម ដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឧស្សាហកម្មកម្មន្តសាលដទៃទៀត។ សម្តេចធិបតី ក៏បានលើកទឹកចិត្តវិនិយោគិនកម្ពុជា ឱ្យពិចារណាវិនិយោគនៅប្រទេសវៀតណាម ដើម្បីធ្វើពិពិធកម្មអាជីវកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្ម ព្រមទាំង ផ្លាស់ប្តូរបទពិសោធន៍ធ្វើជំនួញនានាជាមួយវិនិយោគិនវៀតណាម។ ក្នុងវេទិកានោះដែរ កម្ពុជា-វៀតណាម ក៏បាន ឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីខេត្តសៀមរាប ទៅកាន់រដ្ឋធានីហាណូយផងដែរ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនោះដែរ សម្តេចធិបតី បានអញ្ជើញថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ ពាណិជ្ជកម្មក្រៅប្រទេស ដោយផ្តោតលើផ្នែកចំនួនពីរ ផ្នែកទី១-នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកទី២-កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម។ ក្នុងផ្នែកទី១ សម្តេចធិបតី បាន គូសបញ្ជាក់អំពីមូលដ្ឋានគ្រឹះសម្រាប់ការចាប់ផ្ដើមកសាងជាតិចេញពីរបបខ្មែរក្រហម និងដំណើរការកសាងសន្តិភាព របស់កម្ពុជាដែលទើបតែទទួលបានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ បន្ទាប់ពីជោគជ័យនៃ «នយោបាយ ឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន ការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ការដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងការបន្តអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុស ក្អែល ព្យាបាល និងវះកាត់» និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកំណែទម្រង់ពោលគឺ «កែទម្រង់គឺរស់ មិនកែ ទម្រង់គឺស្លាប់»។ នៅផ្នែកទី២ សម្តេចធិបតី បានគូសបញ្ជាក់អំពី ប្រវត្តិ នៃការឆ្លងកាត់សង្គ្រាម និងសន្តិភាព នៃ ប្រទេសទាំងពីររួមទាំងការទាមទារឯករាជ្យ ការវាយផ្ដួលរំលំរបបខ្មែរក្រហម ការស្តារ និងអភិវឌ្ឍន៍ប្រទេស ភាពជាអ្នក ជិតខាងល្អ កិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ សម្តេចធិបតី សង្ឃឹមថា សុន្ទរកថានេះ នឹងចូលរួម ផ្តល់នូវពុទ្ធិដល់អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយអំពីរចនាសម្ព័ន្ធនៃការរៀបចំគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម។

ជារួម ដំណើរទស្សនកិច្ចផ្លូវការ លើកទី១ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្រេចលទ្ធផលយ៉ាងធំធេង ទាំងលើ ទិដ្ឋភាពនយោបាយការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បាន បញ្ជាក់ជំហរបន្តនូវកិច្ចសហប្រតិបត្តិការដែលសាងឡើងដោយ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងពង្រឹង ពង្រីក និងពូនជ្រំមិត្តភាពនេះ ឱ្យកាន់តែរីកលូតលាស់ថែមទៀតក្នុងនាមជាប្រទេសជិតខាងល្អ ដើម្បីផលប្រយោជន៍ ទៅវិញទៅមក រវាងប្រជាជាតិទាំងពីរ ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់ និងអន្តរជាតិ៕

ដោយ៖ សហការី


ចែករំលែក៖