ភ្នំពេញ ៖ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានសំដែងនូវការកោតសរសើរចំពោះគុណភាពរបស់វ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer និងសូមស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល ខណះលោកទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Pfizer ដែលដឹកនាំដោយលោកបណ្ឌិត Nirutti Pradubyati នាយកក្រុមហ៊ុន Pfizer ផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិន។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Pfizer ដែលដឹកនាំដោយលោកបណ្ឌិត Nirutti Pradubyati នាយកក្រុមហ៊ុន Pfizer ផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិន។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ក្រុមហ៊ុន Pfizer ដែលកន្លងមក បានរួមចំណែកគាំទ្រ ដល់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជានៅប្រទេសកម្ពុជា ដូចជាការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ (វ៉ាក់សាំង Pfizer) តាមរយៈ COVAX Facility ក្នុងដំណាក់កាលនៃការរីករាលដាលជាសាកលនៃជំងឺឆ្លងកូវីដ១៩។
លោក Nirutti Pradubyati នាយកផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិន បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Pfizer បានជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោក Nirutti Pradubyati ក៏បានជម្រាបជូនអំពីគម្រោង Accord for a Healthier World ដែលជាគម្រោងផ្តោតលើការកាត់បន្ថយគម្លាតសមធម៌សុខភាព តាមរយៈការលក់ជូននូវឱសថ និងវ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer នូវតំលៃទាប និងមិនគិតពីប្រាក់ចំណេញ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះគុណភាពរបស់វ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer និងសូមស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ជំនួយ ឬការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំងដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនពី អាទិភាពសំខាន់ៗវិស័យសុខាភិបាល ទាំងបីរួមមាន៖ ១)ការព្រងឹងគុណភាណសេវានៅមណ្ឌលសុខភាពទាំងអស់ តាមរយៈការពង្រឹងហេដ្ឋាសម្ព័ន្ធសុខាភិបាល ការផ្គត់ផ្គង់ឱសថ និងបំពាក់សម្ភារៈបរិក្ខារចាំបាច់ ធ្វើឱ្យលទ្ធភាពក្នុងការផ្តល់សេវាពេញ២៤ម៉ោង ២)ការព្រងឹងគុណភាណសេវានៅមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត តាមរយៈការពង្រឹង សេវាសង្រ្គោះបន្ទាន់ ICU, Emergency, Surgery និងមន្ទីរពិសោធន៍ជាដើម និង៣) ការពង្រឹងធនធានមនុស្ស តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុន Pfizer ត្រូវតែពិភាក្សាកិច្ចសហការនេះជាមួយក្រុមការងារបច្ចេកទេស ជាពិសេសត្រូវតែគិតគូ និងចាប់ផ្តើមគម្រោងសាកល្បង (Pilot Project) ជាមួយមន្ទីរណាមួយជាមុនសិន មុននឹងបន្តគម្រោងនៅទូទាំងប្រទេស៕
ដោយ ៖ សហការី