ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់​ នៅស្រុកវាលវែង ត្រូវ​បានឃាត់ខ្លួន​ហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៤​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា៖​ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់​ នៅស្រុកវាលវែង ត្រូវ​កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបេីកប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន។ 

ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី១៣ ខែធ្នូម្សិលមិញនេះ​ នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ៖ ដោយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវប្រសាសន៍ចង្អុលរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងទទួលព័ត៌មានច្បាស់ការ អំពីទីតាំងរបស់មុខសញ្ញាសកម្មលើករណីខាងលើ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាសកម្ម ឈ្មោះ អ៊ុត តាំងលី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងពេលបង្រ្កាបជនសង្ស័យខាងលើបានព្យាយាម តដៃជាមួយសមត្ថកិច្ចហើយបានរត់គេចខ្លួន ក៏បណ្តាលឲ្យត្រូវវត្ថុមុតស្រួចធ្វើឲ្យរងរបួសជើងខាងឆ្វេង និងខ្លួនប្រាណ ហើយភ្លាមនោះជនសង្ស័យបានស្រែកហៅបក្ខពួកដើម្បីឲ្យមកជួយរំដោះរូបខ្លួន ខណៈនោះស្រាប់តែមានបក្ខពួករបស់ជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិត និងដំបងបានព្យាយាមរំដោះជនសង្ស័យពីសមត្ថកិច្ចក៏បណ្តាលឲ្យសមត្ថកិច្ចរបួស តែដោយកម្លាំងជំនួយមកទាន់ពេលវេលាធ្វើឲ្យក្រុមបក្ខពួកជនសង្ស័យរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់។

លោកអធិការរង បានបន្តថា ៖ ដោយឆែកឆេរក្នុងខ្លួនជនសង្ស័យ កម្លាំងជំនាញបានរកឃើញ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច ទម្ងន់សាច់ថ្នាំសុទ្ធ ០,៩២ក្រាម, សំបកកូនថង់ផ្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងទូរស័ព្ទដៃ ពណ៌ស ចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ជាមុខសញ្ញាសកម្មក្នុងការជួញដូរ ចែកចាយគ្រឿងញៀន និងធ្វើចរាចរណ៍គ្រឿងញៀនបង្កឲ្យមានភាពអនាធិបតេយ្យក្នុងមូលដ្ឋានស្រុកវាលវែង រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីអនុវត្តតាមនីតិវិធី ព្រមទាំងបន្តធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកបក្ខពួកជនសង្ស័យយកចាត់ការតាមច្បាប់៕

ដោយ៖ សហការី


ចែករំលែក៖