ព័ត៌មានទាន់ហេតុការណ៍៖

សភាអាមេរិកអនុម័តសេចក្តីសម្រេច បើកផ្លូវការស៊ើបអង្កេត ចោទប្រកាន់ទោសប្រធានាធិបតី បៃដិន

ចែករំលែក៖

កាលពីថ្ងៃទី១៣ធ្នូ (ពេលវេលានៅអាមេរិក) សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតផ្តល់សិទ្ធិឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់ប្រធានាធិបតី Joe Biden ដែលជាជំហានផ្លូវការដែលគណបក្សសាធារណរដ្ឋជឿថានឹងផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍នៅក្នុងតុលាការ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតក្នុងសំឡេងគាំទ្រ២២១ទល់នឹង២១២សំឡេងជំទាស់ ក្នុងការអនុញ្ញាតលើ ការស៊ើបអង្កេតស្វែងរកការពិតថា តើលោក ចូ បៃដិន ពិតជាបានទទួលផលចំណេញមិនត្រឹមត្រូវពីមុខជំនួញនៅបរទេសនៃកូនប្រុសរបស់លោក គឺលោក Hunter Biden ដែរឬក៏យ៉ាងណា? ការបោះឆ្នោតនេះទៀតសោតកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក Hunter Biden បានបដិសេធការកោះហៅឱ្យធ្វើសក្ខីកម្មក្នុងសវនាការបិទទ្វារមួយ។
សេតវិមានក៏បានចេញមុខច្រានចោលការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកតំណែងលោក ចូ បៃដិន ផងដែរ ដោយចោទថាមានចរិតនយោបាយ និងគ្មានភស្តុតាង ស្របពេលលោក បៃដិន កំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ដែលត្រូវបានក្រុមអ្នកវិភាគខ្លះយល់ថា លោកអាចនឹងត្រូវតតាំងជាមួយលោក ដូណាល់ ត្រាំសាជាថ្មី។
មួយវិញទៀត ការស៊ើបអង្កេតរបស់គណបក្សសាធារណរដ្ឋសឹងតែមិនមានឱកាសដកតំណែងលោក បៃដិនបាននោះទេ។ ពោលបើទោះជាសភាតំណាងរាស្ត្របោះឆ្នោតចោទប្រកាន់ដកតំណែងលោក បៃដិន ក៏ដោយ ក៏ព្រឹទ្ធសភាអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យអាចនឹងរាំងខ្ទប់ការប៉ុនប៉ងនេះ ដូចដែលព្រឹទ្ធសភាអាមេរិកពីមុនក្រោមការដឹកនាំដោយគណបក្សសាធារណរដ្ឋ ធ្លាប់បានការពារលោក ដូណាល់ ត្រាំ ដូច្នោះដែរ។
ដើម្បីបោះឆ្នោតចោទប្រកាន់ដកតំណែងលោក បៃដិន ព្រឹទ្ធសភាត្រូវរកឱ្យបាននូវសំឡេងគាំទ្រ២ភាគ៣ ដែលសំឡេងនេះមិនអាចទៅរួចទេ ក្នុងពេលដែលព្រឹទ្ធសភាអាមេរិកសព្វថ្ងៃគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យដែលមានសំឡេងឆ្នោតនៅក្នុងដៃ៥១ ទល់នឹង៤៩សំឡេងរបស់គណបក្សសាធារណរដ្ឋ៕ ដោយ៖ ធីរីណា

រូប​ថត​៖ vtc.vn


ចែករំលែក៖