ព័ត៌មានទាន់ហេតុការណ៍៖

អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជាប្រធាន ICAPP បង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣  បានអនុញ្ញាតឱ្យ ឯកឧត្តម ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ជុង អ៉ីយ៉ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី ។ មួយវិញទៀត ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជាប្រទេសទីមួយ បានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ ជាលើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈដែលកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ៦ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១០ នៅរាជធានីភ្នំពេញ ។ ក្នុងជំនួបនេះផងដែរ ឯកឧត្តមអតីតរដ្ឋមន្រ្តីការបរទេសកូរ៉េ  ក៏បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់តែខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាក់ជាមិនខាន ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន ICAPP និងបានចូលរួមអបអរសាទរចំពោះ ឯកឧត្តម ដែលទទួលបានសេចក្តីទុកចិត្តពីសមាជិកអចិន្ត្រៃយ៍ ICAPP ក្នុងតួនាទីជាប្រធានអង្គការ ICAPP សាជាថ្មី។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណ ICAPP ដែលបានគាំទ្រចំពោះដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងបណ្តាអាណត្តិកន្លងមក ជាប់រហូតមកដល់អាណត្តិទី៧ នេះ ផងដែរ ។ វត្តមាន និងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប ភាពត្រឹមត្រូវយុត្តិធម៌ និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា ។ ក្នុងន័យនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាននូវបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមានសន្តិភាព និងវិបុលភាព ក៏ដូចជាបានសម្តែងនូវការគាំទ្រចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។

ដោយឡែក សម្តេចធិបតី ក៏បានរំឭកប្រាប់គណៈប្រតិភូ ICAPP ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការបន្ថយភាពក្រីក្រ ក៏ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងដំណើរការប្រជាធិបតេយ្យយ៉ាងគត់មត់ ហើយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នឹងបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវនេះ ព្រមជាមួយនឹងការដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១”,  “កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦” និង “វិធានការគន្លឹះចំនួន៥” ដែលសុទ្ធតែយកប្រជាជនជាស្នូល” តួយ៉ាងដូចជា៖ ការពង្រីកសេវាថែទាំសុខភាពសាធារណ:, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥ លាននាក់, ការលើកកម្ពស់កម្មវិធីជាតិជំនួយសង្គម, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការពង្រឹងគុណភាពសេវាអប់រំ ជាដើម ៕

ដោយ៖ សហការី


ចែករំលែក៖