សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អ្នកស្រុកក្នុងទីក្រុងទេសចរណ៍មួយចំនួន នៅភាគឦសាននៃប្រទេសអូស្រ្តាលី កំពុងទប់ទល់នឹងគ្រោះទឹកជំនន់ បន្ទាប់ពីព្យុះស៉ីក្លូន Jasper វាយប្រហារទូទាំងតំបន់ បណ្តាលឱ្យបាក់រលំដើមឈើ កាត់ផ្តាច់អគ្គិសនី បង្ខំឱ្យជម្លៀសខ្លួននិងបិទផ្លូវធ្វើចរាចរណ៍។
នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីចុងក្រោយ ការិយាល័យឧតុនិយមអូស្ត្រាលីបានឱ្យដឹងថា ព្យុះស៉ីក្លូន Jasper ដែលឥឡូវនេះបានថមថយឥទ្ធិពលទៅជាព្យុះត្រូពិក អាចស្ថិតនៅលើភាគពាយព្យឆ្ពោះទៅកាន់ឈូងសមុទ្រ Carpentaria ហើយអាចបង្កើនឥទ្ធិពលជាព្យុះស៊ីក្លូនវិញនៅចុងសប្តាហ៍នេះ។ ថ្វីបើឥទ្ធិពលខ្យល់បានធ្លាក់ចុះក៏ដោយ តែការិយាល័យអាកាសធាតុបានព្រមានអ្នកស្រុកនៅតំបន់ធ្លាប់រងគ្រោះថា ភ្លៀងខ្លាំងអាចបន្តធ្លាក់នៅទីនោះក្នុងរយៈពេល២៤ម៉ោងបន្ទាប់។
លោកស្រី Laura Boekel មន្រ្តីជាន់ខ្ពស់នៃការិយាល័យឧតុនិយមអូស្រា្តលី បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា «នេះគឺជាការវិវត្តនៃព្យុះ ហើយភ្លៀងមិនទាន់ឈប់ទេ តែវាទំនងជាល្អប្រសើរក្នុងថ្ងៃនេះផងដែរ។ តំបន់ខ្លះទឹកភ្លៀងមានកម្រិតរហូតដល់ ៣០០មីលីម៉ែត្រ ដែលបង្កើនការរំពឹងទុកអំពីទឹកជំនន់ភ្លាមៗ ដែលអាចគំរាមកំហែងដល់អាយុជីវិត»។
ព្យុះស៉ីក្លូន Jasper បានវាយលុកតំបន់ចុងភាគខាងជើងនៃរដ្ឋ Queensland ជាកន្លែងដែលមានរមណីយដ្ឋានច្រើនស្ថិតនៅតាមបណ្តោយឆ្នេរដ៏ល្បីល្បាញលើពិភពលោក បន្ទាប់ពីបង្កមានការបាក់ដីកាលពីថ្ងៃពុធសប្តាហ៍នេះ និងជាព្យុះប្រភេទទី២ ដែលមានកម្រិតល្បឿនខ្យល់បក់ដ៏គ្រោះថ្នាក់បំផុត៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN-VNA