ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ស្នើអភិបាលរាជធានីភ្នំពេញ ចុះMOU រវាងទីក្រុងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងភ្នំពេញ នឹងកោះសូម៉ាត្រាឱ្យបានលឿន ។
លោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានស្នើដល់រដ្ឋបាលរាជធានីភ្នំពេញ បែបនេះ នៅក្នុងជំនួបសម្តែងការគួរសម ជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងជំនួបនេះ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ បានអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែល បានជួយសម្រួលប្រតិភូ ក្នុងរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានីភ្នំពេញ និងរាជធានីអាស៊ាន ក្រោមប្រធានបទ ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី កាលពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញកន្លងមក។ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ ក៏បានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារពលរដ្ឋឥណ្ឌូនេស៊ី នៅរាជធានីភ្នំពេញ ជាង២០០០នាក់ ដែលគ្រោងនឹងបោះឆ្នោតសកល នៅខែកុម្ភៈ ខាងមុខ នេះ និងជំរុញឱ្យ ការចុះ MOU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញ និងកោះសូម៉ាត្រា ឱ្យបានលឿនផង។ ជាការឆ្លើយតប លោក ឃួង ស្រេង បានលើកឡើងពីរបប ប៉ុល ពត ដែលធ្វើឱ្យរាជធានីភ្នំពេញ ធ្លាក់ដល់ចំណុចសូន្យ តែក្រោយឆ្នាំ១៩៧៩ ក្រោយ ការរំដោះប្រទេសជាតិ និងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ លោក ឃួង ស្រេង បានបន្តថា ការអភិវឌ្ឍន៏រីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំ ពូលៗ របស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោក ស៊ូកាណូ (Soekano) និងលោក អាលី អាឡាតាស (Ali Alatas)។ ដើម្បីតបស្នង សងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែនបានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថី ឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េ ប្រវែង ៦.២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា មហាវិថី ស៊ូកាណូ (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េ ប្រវែង ៥.៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថី ឈ្នះ-ឈ្នះ ជា «មហាវិថី អាលី អាឡាតាស់ (Ali Alatas Boulevard)»។ ឈ្មោះផ្លូវទាំងពីរខ្សែនេះ នឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយរក្សាសន្តិសុខ ជូនស្ថានទូតឲ្យបានល្អ និងការរៀបចំសណ្ដាប់ធ្នាប់អនាម័យ បរិស្ថាន នៅជុំវិញស្ថានទូតនេះ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញស្ថានទូត ទៅតាមការស្នើឡើងរបស់លោក សាន់តូ ជាម៉ូស៊ូម៉ាតូ៕
ដោយ ៖ សំរិត