ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបបើកបុកម៉ូតូនៅត្រង់ចំណុចផ្លូវបំបែកជាបួនកិនអូសជិត៣០ ម៉ែត្របណ្ដាលឱ្យបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានខ្ទាតផ្លោងនិងបែកក្បាលធ្លាយខួរស្លាប់នៅមុខហាងមួយកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ជិះម៉ូតូមួយគ្រឿងត្រូវបានរថយន្តស៊េរីទំនើបម៉ាកJeep បើកបុកនៅត្រង់ចំណុចផ្លូវបំបែកជាបួនដោយកិនអូស ជិត៣០ម៉ែត្រ និងបុកបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមទៀតបណ្តាលឱ្យបាក់  កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវលេខ៥៦៦ កែងនឹងផ្លូវលេខ ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះសៀង គឹម ហុង ភេទប្រុស អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវ២៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកJeepចំនួនពីរគ្រឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CB-9963 និងមួយគ្រឿងទៀតមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៧ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវលេខ៥៦៥កន្លែងកើតហេតុខាងលើស្រាប់តែរថយន្តJeep មួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ2CB-9963 បានជ្រុលចង្កូតទៅបុកម៉ូតូហុងដា clickមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1DF-5396ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៦៦ក្នុងទិសដៅពីកើតទៅលិចចំពីចំហៀងពេញទំហឹងហើយកិនម៉ូតូនិងអ្នកជិះអូសជិត៣០ម៉ែត្រជាប់នៅក្រោមរថយន្តហើយទៅបុកនឹងបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមទៀតបណ្ដាលឱ្យបាក់និងខ្ទាតផ្លោងជនរងគ្រោះទៅមុខហាងមួយកន្លែងបែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ ភ្លាមៗនោះគេឃើញមានបុរសបីនាក់ស្លៀកពាក់ស្អាតបាតសង្ស័យទើបនឹងចេញពីកម្មវិធីអ្វីមួយបានចុះពីលើរថយន្តបង្កមកមើលជនរងគ្រោះមួយសន្ទុះ ចំណែករថយន្តស៊េរីម៉ាកJeepមួយគ្រឿងទៀតបានឈប់ចាំ។ ក្រោយមកក៏មានការភ្ញាក់ផ្អើលឆោឡោស្រាប់តែបុរសទាំងបីនាក់នោះបានឡើងជិះរថយន្តមួយJeepមួយគ្រឿងទៀតដែលឈប់ចាំគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេត្តសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងហើយយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖