ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វី ស្រាប់តែបេីករថយន្តស៊េរីទំនេីបសង្ស័យមកលោតទឹកសម្លាប់ខ្លួនលេីស្ពានកោះនរា បន្សល់ស្បែកជេីង១គូនិងរថយន្តទំនេីបម៉ាកMGនៅលេីស្ពានកោះនរា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុនោះ គេឃេីញបុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាក MG មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007 ឡេីងមកឈប់លេីស្ពានកោះនរា រួចចុះនិយាយទូរស័ព្ទដេីរចុះឡេីងៗ ក្រោយមកស្រាប់តែបាត់មនុស្សឈឹងដោយបន្សល់ស្បែកជេីង១គូ និងរថយន្តទំនេីបម៉ាកMG មួយគ្រឿងនៅលេីស្ពាន ដោយប្រជាពលរដ្ឋសង្ស័យថាបុរសខាងលេីនេះប្រាកដជាបានលោតទឹកសម្លាប់ខ្លួនលិចចូលក្នុងទឹកទន្លេបាត់ឈឹងតែម្ដង ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម អាជ្ញាធរមានសមត្ថកិច្ចបានចុះមកដល់ទីតាំងកេីតហេតុ និងទាក់ទងទៅសាច់ញាតិជនរងគ្រោះឱ្យមកពិនិត្យមេីលសម្ភារៈរបស់ជនរងគ្រោះដែលបន្សល់ ព្រមទាំងស្នេីរឱ្យសមត្ថកិច្ចជំនាញជួយស្រាវជ្រាវរកបុរសខាងលេីនេះផងដែរ ។
ចុងក្រោយម៉ោង៣ទៀបភ្លឺ សន្តិសុខដែលអង្គុយយាមក្បែរគល់ស្ពានកោះនរាបានឱ្យដឹងថា៖ ពេលមនុស្សទៅអស់ សមត្ថកិច្ច និងអ្នកសារព័ត៌មានទៅបាត់អស់ គាត់បានឃើញបុរសរូបនោះដើរចេញពីក្រោមស្ពាន រួចក៏ត្រឡប់ទៅផ្ទះវិញជាមួយក្រុមគ្រួសារបាត់៕