ព័ត៌មានទាន់ហេតុការណ៍៖

បណ្ឌិត អ៊ាង សុផល្លែត នាំជោគជ័យថ្មីបន្ថែមទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ​ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌ​ សហប្រជាជាតិស្តីពី ការប្រែ ប្រួលអាកាសធាតុ លើកទី២៨ (COP28)

ចែករំលែក៖

ឌូបៃ ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា រយៈពេលជាង៣ខែមកនេះ បានពង្រឹងនិងពង្រីកចំណងទំនាក់ទំនងល្អ ជាមួយដៃគូចាស់ និងថ្មី ខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលមិនត្រឹមតែរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផ្នែកនយោបាយផងដែរ។

ជាក់ស្តែងបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន ត្រូវបានចាត់តាំងជាតំណាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមនិងថ្លែងសន្ទរកថាគន្លឹះ នៅសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបានជោគជ័យថ្មីបន្ថែមទៀត នៅក្នុងគោលនយោបាយរបស់កម្ពុជាលើឆាកអន្តរជាតិ។

បណ្ឌិត អ៊ាង សុផល្លែត នៅក្នុងដំណើរទៅចូលរួមសន្និសីទកំពូលលើកទី២៨នេះមានប្រសាសន៍ថា «កម្ពុជាបានធ្វើការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការចូលរួមចំណែក ក្នុងការទប់ស្កាត់និងកាត់ បន្ថយការប្រែប្រួលអាកាសធាតុ ដោយបាននាំនូវកាដូ ដែលជាយន្តការនិងយុទ្ធសាស្រ្តសំខាន់ចំនួន៧ ដាក់ជូន និងពិភាក្សាក្នុងសន្និសីទពិភពលោកនេះ រួមមាន៖

ទី១៖កម្ពុជាបានធ្វើការប្តេជ្ញាចិត្ត លុបចោលគម្រោងរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០MW ជំនួសមកវិញដោយ រោងចក្រអគ្គិសនី ដើរដោយឧស្ម័ន LPG វិញ។ 

ទី២៖ ប្រទេសកម្ពុជាអភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០មេហ្គាវ៉ាត់ ឱ្យបានមុនឆ្នាំ២០២៨។

ទី៣៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយក្រសួងបរិស្ថាន បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឲ្យបានដល់កម្រិត ៧០%។

ទី៤៖ យុទ្ធសាស្ត្រកម្ពុជាស្អាត តាមរយៈការកាត់បន្ថយ ការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើងបន្តបន្ទាប់។

ទី៥៖ យុទ្ធសាស្ត្រកម្ពុជាបៃតង តាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ចំនួន១លានដើម ក្នុងមួយឆ្នាំពង្រីកគម្របព្រៃឈើ បាន៦០%នៅឆ្នាំ២០៥០។

ទី៦៖ កម្ពុជាបន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិត

អគិ្គសនី ដោយប្រើធ្យូងថ្មនៅកម្ពុជា។

និងទី៧៖បន្តមិនអនុញ្ញាតឲ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។»

សន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហ ប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ផ្តើមបើកជាផ្លូវកា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានមេដឹកនាំរដ្ឋភាគីចំនួន១៩៦ ប្រទេស បុគ្គលល្បីៗ អ្នកវិទ្យាសាស្រ្ត តំណាងអង្គការ សហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រទេសអ្នកសង្កេតការណ៍ អ្នកសារព័ត៌មានចូលរួម សរុបចំនួនជិត៧ ម៉ឺននាក់។ បណ្ឌិតអ៊ាង សុផល្លែត ត្រូវបានទទួលស្វាគមន៍ដោយមេដឹកនាំពិភពលោក នៅលើឆាកសន្និសីទ។

បន្ទាប់មកសេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់និរន្តរភាពកសិកម្មនិងសកម្មភាពអាកាសធាតុត្រូវបានប្រកាសជាផ្លូវនៅCOP28 នាទីក្រុងឌុយបៃ។ បណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹង ជាមួយការប្ដេជ្ញាចិត្តរបស់កម្ពុជា លើសេចក្ដីប្រកាសជាសកល ស្ដីពីនិរន្តភាពប្រព័ន្ធស្បៀង វិស័យកសិកម្ម និងសកម្មភាពឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដែលបានផ្ដោតលើអាទិភាព ចំនួន៣រួមមាន៖ 

ទី១៖ ការលើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន ដែលងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ 

ទី២៖ ការតស៊ូមតិសម្រាប់សន្តិសុខស្បៀង និងសុខុមាលភាពអាហារូបត្ថម្ភ សម្រាប់អ្នកដែលត្រូវការជំនួយជាពិសេស អ្នកដែលជួបប្រទះការខាតបង់ និងការខូចខាតពីគ្រោះមហន្តរាយធម្មជាតិ ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

និងទី៣៖ ពង្រីកការអនុវត្តកសិកម្មឆ្លាតវៃ និងយុទ្ធសាស្ត្របញ្ចេញកាបូនទាប ជាធាតុផ្សំសំខាន់នៃការសម្របខ្លួន និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអាកាសធាតុ។»

បណ្តាប្រមុខដឹកនាំប្រទេសជាង១២០ ក្នុងនោះកម្ពុជា ដែលតំណាងដោយបណ្ឌិត អ៊ាង សុផល្លែត  បានអនុម័តសេចក្តីប្រកាសរួមជាផ្លូវការ ស្តីពីប្រព័ន្ធស្បៀង ដែលមានភាពធន់និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ នៅក្នុងក្របខ័ណ្ឌនៃសន្និសីទCOP28។ សារៈសំខាន់នៃប្រកាសរួមនេះ មានខ្លឹមសារស្របទៅនឹងការតាំងចិត្ត របស់រាជរដ្ឋាភិបាល ស្តីពីកសិកម្មវៃឆ្លាត ការកាត់បន្ថយការបញ្ចេញកាបូន និងការអភិវឌ្ឍដោយចីរភាព។

នាព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៣ បណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានតំណាងសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលG77 + China ក្នុងក្របខណ្ឌនៃCOP28 នៅក្នុងទីក្រុងឌូបៃ ដោយបានពិភាក្សានិងបង្ហាញជំហររួមមួយក្នុងការឆ្លើយតប ទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុលើពិភពលោក ដែលជាការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០២៣ បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសន្ទរកថាគន្លឹះ ផ្តោតសំខាន់លើការអនុវត្តកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្មបន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សានិងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់និងសកលលោក ជាពិសេសក្នុងការទប់ស្កាត់និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុផងនិងបង្ហាញពិភពលោកផងដែរអំពីសុខសន្តិភាពនិងស្ថេរភាពកម្ពុជាបន្ថែមទៅដោយភាពស្អាតភាពបៃតងដែលកម្ពុជាកំពុងមានដែលជាគោលដៅ សម្រាប់ទេសចរណ៍វិនិយោគនិងអភិវឌ្ឍន៍ប្រកបដោយបរិយាប័នឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។

ក្នុងឱកាសនៃសន្និសីទកំពូល COP28 នៅទីក្រុងឌូបៃនេះដែរបណ្ឌិត អ៊ាង សុផល្លែត បានចុះហត្ថលេខាក្នុង នាមរាជរដ្ឋាភិបាលកម្ពុជា លើឯកសាររបស់ក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្តីពីតួនាទីនិងភារកិច្ចសម្រាប់សហស្ថាបនិកនិងសមាជិក ក្រោមប្រធានបទ ស្តីពីសម្ព័ន្ធភាពជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ នៅនក្នុងពិធីនោះ ថ្នាក់ដឹកនាំប្រទេសន័រវ៉េស ប្រទេស  Sierra Leone  ប្រទេសរវ៉ាន់ដា និងប្រទេសប្រេស៊ីល  បានអញ្ជើញចូលរួមចុះហត្ថលេខាផងដែរ។

បន្ទាប់មកទៀតបណ្ឌិតរដ្ឋមន្រ្តីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធីស្តីពីការពន្លឿនការផ្លាស់ប្តូរ នៅបណ្តាញអាកាសធាតុ និងអាហារូបត្ថម្ភ (Nutrition-Climate Nexus) ដោយសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ បានប៉ះពាល់អវិជ្ជមានទៅលើសុខភាពសាធារណៈ ដោយបង្ករឲ្យកើនឡើងអន្តិសុខស្បៀង និងហិរញ្ញវត្ថុ ដែលនាំឲ្យកង្វះអាហារូបត្ថម្ភ និងរបបអាហារ។ ក្នុងឱកាសនោះ បណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងអាទិភាពរបស់កម្ពុជា រួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការដាំដើមឈើ១លាន ក្នុង១ឆ្នាំ គឺសំដៅបង្កើនគម្របព្រៃឈើឲ្យបាន៦០%ត្រឹមឆ្នាំ២០៥០ និងចូលរួមកែប្រែគុណភាពដីសម្រាប់ដំណាំកសិកម្មផងដែរ។

ឆ្លៀតឱកាសពីការចូលរួមសន្និសីទ COP-28នៅទីក្រុងឌូបៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានតំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទទួលជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុន C-Quest Capitalនៃប្រទេសសិង្ហបុរីអំពីការបើកទំព័រថ្មីនៃការធ្វើពាណិជ្ជកម្មកាបូនក្រោមមាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

បណ្ឌិតអ៊ាងសុផល្លែតបានទទួលជួបលោក Winfried Wicklein, អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ADB ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។ 

បណ្ឌិតអ៊ាង សុផល្លែត បានទទួលជួប លោកស្រី Patricia Zurita,អគ្គនាយិកាផ្នែកយុទ្ធសាស្ត្រអង្គការអភិរក្សអន្តរជាតិ CI ក្នុងគោលបំណងពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហការក្នុងភាពជាដៃគូរវាងភាគីទាំងពីរលើការអភិរក្សធនធានធម្មជាតិស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣- ២០២៨។

បណ្ឌិតអ៊ាង សុផល្លែត ទទួលជួបលោកស្រីJuliette  Biao ប្រធានលេខាធិការដ្ឋាននៃវេទិកាសហប្រជាជាតិស្តីពីព្រៃឈើ (UNFF) ដើម្បីពង្រីកកិច្ចសហការជាពិសេសលើការស្ដារព្រៃឈើនិងការកៀងគរហិរញ្ញប្បទានសម្រាប់ព្រៃឈើ។

សូមបញ្ជាក់ថា នៅក្នុងបេសកកម្មលោករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី,ទ្វេភាគី ជាច្រើនផ្សេង ទៀត ដែលរាល់ជំនួបកម្ពុជា ទទួលបានការគាំទ្រលើការប្តេជ្ញាចិត្ត សម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ ទាំងនៅកម្រិតជាតិ និងក្នុងក្រខ័ណ្ឌសកល។ ក្នុងជំនួបនីមួយៗលោករដ្ឋមន្ត្រីបានលើកឡើងអំពីវិស័យអាទិភាពនិងការវិនិយោគបៃតងនៅកម្ពុជាការបង្កើនគម្របព្រៃឈើឲ្យបាន៦០% ការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការដាំឈើ ឬស្សីជាដើមនិងការ ជំរុញកម្ពុជាស្អាតតាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានិងជាពិសេសគាំទ្រចំពោះយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានផ្តល់អាទិភាពទៅ លើភាពស្អាតភាពបៃតងនិងចីរភាព៕

ដោយ៖ សូរិយា


ចែករំលែក៖